ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ចាប់ផ្ដើមកាយប្រឡាយ បឹងត្របែកនិងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានលើប្រឡាយរំកិលផ្ទះដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយបង្ហូរទឹក

420
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្ដើមកាយស្តារ
ប្រឡាយបឹងត្របែកនិងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានលើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញធ្វើយ៉ាងណាអោយចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
  ក្នុងខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែកនិងផលប៉ះពាល់មួយចំនួនដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែក នាព្រឹកថ្ងៃទី ០៦ ខែសីហាឆ្នាំ២០១៩នេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅប្រឡាយបឹងត្របែកយើងមានម៉ូទ័របូមទឹករហូតដល់ ១១គ្រឿងប៉ុន្តែការបូមទឹកទាំងនោះមិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេ ដោយសារតែមានការកកស្ទះទឹកហូរមិនទាន់។ ដើម្បីដោះស្រាយលើបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារប្រឡាយ និងអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះអោយបានប្រសើរឡើង។
   លោកបន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឱ្យខណ្ឌទាំង៥នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អ
សំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរមកដល់ស្ថានីយបូមទឹកបាន។
   លោកឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូនិងប្រឡាយទឹក ។ប្រជាពលរដ្ឋត្រូវរៀបចំខ្លួនអោយបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ។
 នៅក្នុងឱកាសនោះដែរ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា មិនថាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឬប្រជាពលរដ្ឋមកពីបណ្ដាខេត្តទេគឺពួកគាត់ បានជំរុញឲ្យអាជ្ញាធររាជធានី
រៀបចំសណ្ដាប់ធ្នាប់សាធារណៈអោយបានល្អ ដើម្បីបញ្ចៀសឲ្យបាននូវការកកស្ទះចរាចរណ៍ ដែលការកកស្ទះចរាចរណ៍នេះគឺជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ បើយើងរៀបចំសណ្តាប់ធ្នាប់បានល្អអ្នកថ្មើជើងត្រូវដើរលើចិញ្ចើមផ្លូវ មិនអាចដើរលើទ្រូងផ្លូវបង្កអោយមានគ្រោះថ្នាក់ទៀតទេ។ ពេលនេះទៅ បញ្ហាសណ្ដាប់ធ្នាប់មិនអាចបណ្ដែតបណ្ដោយទៀតទេ យើងត្រូវតែយកច្បាប់មកអនុវត្តហើយ៕
អត្ថបទដែលជាប់ទាក់ទង