ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនជំរុញអោយសមត្ថកិច្ចពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ទ្វេដង សំរាប់ពិធីបុណ្យជាតិ៩វិច្ឆិកា និងបុណ្យអុំទូក

83

 

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន ជំរុញអោយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ទ្វេដង ក្នុងការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាបរិស្ថាន អនាម័យ សំរាប់ថ្ងៃបុណ្យជាតិសំខាន់ៗ ដែលនឹងមកដល់ឆាប់ៗខាងមុខ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមនដែលមានការចូលរួមពីលោក លោកស្រីអភិបាលរង អាជ្ញាធរពាក់ព័ន្ធ ដូចជាអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមនផងដែរ។

  លោក ថេង សុថុល បានបន្ថែមអោយដឹងថា ក្នុងឪកាសរៀបចំពិធីបុណ្យ ខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ព្រមទាំងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងអកអំបុកខាងមុខនេះ ក្នុងនាមជាអាជ្ញាធរក្នុងមូលដ្ឋានត្រូវតែពង្រឹងលើស្មារតីខ្ពស់ដើម្បីទ្រសភាពការណ៍ ឈរលើតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការ ការពារសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសថ្ងៃ៩វិច្ឆិកា ដែលក្រុមឧទ្ទាម ក្រុមជនក្បត់ជាតិមួយចំនួនតូចតែងតែប្រកាសការវិលត្រឡប់ របស់ខ្លួនចូលមកក្នុងប្រទេសវិញ។ លោកអភិបាលខណ្ឌបន្ថែមថាតួនាទីរបស់អាជ្ញាធរត្រូវតែថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋអោយបានល្អប្រសើរ ផ្តល់ភាពសុខសាន្ត ដូច្នេះត្រូវតែការពារអោយបានដាច់ខាត។

  គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានចេញលិខិតមួយ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៩នេះ ផ្ញើជូនគណៈអភិបាល រាជធានី ខេត្ត ស្តីពីវិធានការណ៍ ដើម្បីបង្កើនការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងឪកាសពិធីបុណ្យ ខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩ ក្នុងលិខិតដដែលនេះដាក់ចេញអោយអនុវត្តនូវវិធានការណ៍ចាំបាច់ចំនួន៨ចំនុចផងដែរ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព និងការគ្រប់គ្រងឱ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេសការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅបន្តបង្កបរិយាកាសរីករាយដល់ប្រជាជនយើងចូលរួមប្រារព្ធពិធីបុណ្យជាតិខាងលើនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ ស្របពេលជាមួយនេះ ចលនាក្រុមឧទ្ទាមក្រៅច្បាប់ក៏បានប្រកាសដាក់ចេញនូវគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលនៃការប្រកាសវិលត្រលប់ចូលមកកម្ពុជាវិញរបស់ ឧក្រិដ្ឋជនសម រង្ស៊ី និងបក្ខពួក នៅចំពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង