ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ត្រៀមមធ្យោបាយគ្រប់គ្រាន់ សម្រាប់ជួយពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅទៅកាន់ទីទួលសុវត្ថិភាព

2,874

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតំបន់មួយចំនួន នៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងខណៈដែលជំនន់ទឹកភ្លៀងកំពុងតែកើនឡើង ដែលធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនទទួលរងនូវការលិចលង់ ពិសេសប្រជាពលរដ្ឋដែលរស់នៅស្របជាមួយនឹងដងស្ទឹងព្រែកត្នោត ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជិះទូកចុះពិនិត្យតាមមូលដ្ឋានប្រជាពលរដ្ឋដែលរងការលិចលង់ ដើម្បីពិនិត្យមើលពីស្ថានភាពទឹក ក៏ដូចជាតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ថាតើពួកគាត់ចង់បានអ្វី ខ្វះខាតអ្វី យើងអាចជួយពួកគាត់បានភ្លាមៗតែម្តង។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្រ្តីមូលដ្ឋាន ពិសេសមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះមកផ្ទាល់ដល់មូលដ្ឋានដែលលិចលង់ ដើម្បីជួយក៏ដូចជាការបង្ការទប់ស្កាត់ ជំងឺតម្កាត់បៀតបៀនផ្សេងៗទៅលើប្រជាពលរដ្ឋ ដែលកំពុងទទួលរងការលិចលង់នេះ។

លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងឱកាសដែលរាជធានីភ្នំពេញ រងនូវការជន់លិចលង់ដោយទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងខណ្ឌពោធិ៍សែន ។
លោកបានអំពាវអំនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឲ្យមានលេងនៅតាមដងអូរ ប្រឡាយ ព្រែក ដែលមានទឹក កំពុងមានហូរខ្លាំង។

លោកអភិបាល បានថ្លែងថា ផ្ទះប្រជាពលរដ្ឋ និងដីស្រែចម្ការ បានទទួលនូវការជន់លិចលង់ទាំងស្រុង ហើយជាជំហ៊ានដំបុងអាជ្ញាធរត្រូវជួយសង្រ្គោះជីវិតមនុស្ស និងសត្វ ដើម្បីធ្វើយ៉ាងណាដើម្បីឲ្យ​មានចំណីអាហារបរិភោគគ្រប់គ្រាន់ ដោយសារពួកគាត់បានលិចផ្ទះអស់ហើយ និងផ្នែកសុខាភិបាលទទួលបានភាពល្អប្រសើរ សម្រាប់ព្យាបាលជំងឺ ដូច្នេះអាជ្ញាធររាជធានី និងអាជ្ញាធរខេត្តពាក់ព័ន្ធ ត្រូវរៀបចំកិច្ចការងារនេះ ជូនប្រជាពលរដ្ឋ ជាពិសេសកាកបាទក្រហម ត្រូវដាំបាយជូនប្រជាពលរដ្ឋ ព្រោះផ្ទះលិច កន្លែងដាំបាយក៏លិចផងដែរ ។ នេះមិនមែនជាការសូកប៉ាន់ក្នុងពេលបោះឆ្នោតនោះទេ ព្រោះវាជាកិច្ចការដែលអាជ្ញាធរត្រូវធ្វើតាមរយៈកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ។ អាជ្ញាធរបានស្នើសុំជួយអន្តរាគមន៍ពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តល់នូវមធ្យោបាយដឹកជញ្ជូន ដូចជាអូប័រចំនួន២០គ្រឿង និងកងកម្លាំងត្រៀម ដើម្បីជួយសង្រ្គោះ ហើយស្នងការនគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក៏បានត្រៀមក្រុមការងារ មកជួយសង្រ្គោះប្រជាពលរដ្ឋ ហើយលើសពីនេះទៀត អាជ្ញាធររាជធានី បានស្នើសុំទៅដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសុំអូប័របន្ថែម ក្នុងករណីចាំបាច់ត្រូវដឹកប្រជាពលរដ្ឋ មករកទីទួលសុវត្ថិភាព។ ប៉ុន្តែតាមរយៈការចុះពិនិត្យស្ថានភាពនាព្រឹកនេះ គឺពួកគាត់មានទីទួលមួយនៅភូ​មិដូនកុក សម្រាប់ស្នាក់បណ្តោះអាសន្ន ហើយកាកបាទក្រហម នឹងដាំបាយនៅទីទួលនោះ ដើម្បីឲ្យប្រជាពលរដ្ឋមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គប់ប្រចាំថ្ងៃ។

លោកបានបន្ថែមថា បើតាមការវាយតម្លៃនោះ គឺស្ថានភាពទឹកនៅចំណុចខាងលើបានស្រកហើយ ប៉ុន្តែជាធម្មតាបើទឹកនៅខាងលើស្រក គឺនៅខាងក្រោមនឹងកើនឡើង ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ទឹកនៅតំបន់នេះនឹងស្រកចុះ ពីព្រោះថាទឹកទន្លេនៅទាប ទឹកអាចហូរចូលទន្លេ ប៉ុន្តែក្នុងខណៈដែលក្នុងខែកក្កដា នេះទឹកទន្លេមិនទាន់ឡើងពេញទន្លេ ដូច្នេះហើយបានជាទឹកហូរពីស្ទឹងបានលឿន តែប៉ុន្តែបើទឹកស្ទឹងឡើងក្នុងតុលាវិញ ច្បាស់ជារងការជន់លិចលង់ខ្លាំងជាមិនខាន ព្រោះទឹកឡើងពេញទន្លេហើយ ធ្វើឲ្យទឹកស្ទឹងចាល់ហូរចូលទន្លេមិនកើត។ លោក អភិបាលផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ ឋត្រូវមានការប្រុងប្រយ័ត្ន ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋក្នុងតំបន់នេះ ហាក់ដូចជាស៊ាំហើយ ក្នុងការទឹកជន់លិចបែបនេះ នៅតាមសណ្តស្ទឹងព្រែកត្នោត និងបានជ្រួតជ្រាបអស់ហើយ និងបានណែនាំដល់កូនចៅ ឲ្យមានការប្រយ័ត្នប្រយែងចំពោះកូនចៅរៀនសូត្រ ហើយបញ្ហាដែលអាជ្ញាធរត្រូវប្រុងប្រយ័ត្ន គឺបញ្ហាស្បៀង និងសុខាភិបាល ដែលត្រូវបញ្ជូនបុគ្គលិកសុខាភិបាល មកបោះតង់ជាប្រចាំនៅទៅនេះ ដើម្បីជួយព្យាបាលប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង