ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំង​ ត្រូវមានកាតព្វកិច្ច ក្នុងកិច្ចការពារសុខសន្តិភាព​ សុវត្ថិភាព​ និង បម្រើសេវាតាមតម្រូវការរបស់ប្រជាពលរដ្ឋ

129
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក​ គួច​ ចំរើន​ បានមានប្រសាសន៍លើកឡើងថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់​ ត្រូវមានកាតព្វកិច្ច ក្នុងកិច្ចការពារសុខសន្តិភាព​ សុវត្ថិភាព​ និង បម្រើសេវាតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបញ្ជៀសអោយបានការកើតឡើងនូវបទល្មើស​ អំពើចោរកម្ម​ ល្បែងស៊ីសង​ និងភាពអាណាធិបតេយ្យ​ផ្សេងៗ។
   ការមានប្រសាសន៍លើកឡើងនិងជម្រុញអោយកងកម្លាំងប្រដាប់អាវុធខេត្តអនុវត្តបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែកក្តដាឆ្នាំ២០១៨​នៅស្នងការនគរបាលខេត្តកំពង់ចាម ខណៈដែលលោកអភិបាលខេត្តរូបនេះអញ្ជើញ ប្រគល់ទោចក្រយាន (ម៉ូតូ) ចំនួន១០៩គ្រឿងជូនឲ្យគ្រប់ប៉ុស្តិ៍រដ្ឋបាលឃុំ ១០៩ទូទាំងខេត្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដើម្បីទុកបំរើការកិច្ចការងាររដ្ឋបាល និងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
   លោក​ គួច​ ចំរើន​ មានប្រសាសន៍លើកឡើងថា​ ទោចក្រយាន (ម៉ូតូ) ដែលត្រូវបានចែកជូនតាមប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន១០៩ប៉ុស្ដិ៍​  នេះដើម្បីកាត់បន្ថយចំណុចអសកម្ម​ក្នុងមូលដ្ឋាន​ ដោះស្រាយការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ឲ្យកាន់តែល្អ ដើម្បីជាប្រយោជន៍រួមក្នុងការបម្រើសេវា​សាធារណៈ​តាមតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន។
   លោកអភិបាលបានបន្តទៀតថា ក្នុងនាមជា
កងកម្លាំង​ ត្រូវមានកាតព្វកិច្ចការពារសុខសន្តិភាព​ សុវត្ថិភាព​ និង បម្រើសេវាតាមតម្រូវការព្រមទាំងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋដើម្បីបញ្ជៀសការកើតឡើងនូវបទល្មើស​ អំពើចោរកម្ម​ ល្បែងស៊ីសង​ និងភាពអាណាធិបតេយ្យ​ ត្រូវធានាលើកទឹកចិត្តទំនុកចិត្តខ្ពស់កាន់តែរឹងមាំ​ និងសុខសាន្តក្នុងការរស់នៅជាប្រចាំ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ដើម្បីអោយមូលដ្ឋានយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់។
 លោក បានបន្ថែមទៀតថា អ្វីដែលគួរកត់សម្គាល់ក្នុងរយពេលដំណើរការបោះឆ្នោត​ តាមគោលនយោបាយលិទ្ធប្រជាធិបតេយ្យត្រូវត្រៀមឯកសារទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើន ជាពិសេសការពារសន្ដិភាពជូនប្រជាពលរដ្ឋដែរជាម្ចាស់ឆ្នោត។
   ក្នុងឱកាសនៅដែរ លោក​ គួច​ ចំរើន​ បានស្នើអោយកងកម្លាំង រួមនឹងមន្ត្រីពាក់ពន្ធ័នៅតែបន្តយកចិត្តទុកដាក់ តាមដានអាកាសធាតុ និងកម្រិតកម្ពស់ទឹកជាប់ជានិច្ច ត្រូវត្រៀមនូវឧបករណ៍ជួយសង្គ្រោះដូចជាថ្នាំសង្កូវ​ ទូក​ កាណូត​ ដើម្បីជួយសង្គ្រោះពលរដ្ឋរកទីទួលសុវត្ថិភាពដែលងាយរងគ្រោះក្នុងរដូវទឹកឡើងនេះ​ ហើយជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រុងប្រយត្ន៍ខ្ពស់ក្នុងការរស់នៅតាមដងទន្លេ​។
  គូសបញ្ជាក់ផងដែរ នាព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការបែងចែកទោចក្រយានយន្តចំនួន ១,៦៤៦ គ្រឿង ម៉ាក SUZUKI Smash 113cc ផលិតឆ្នាំ២០១៨ ជូនស្នងការនគរបាលរាជធានី ខេត្ត ដើម្បីផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន និងបានត្រៀមលក្ខណៈដើម្បីធ្វើការបែងចែកនៅតាមមុខសញ្ញាកំណត់៕

 

អត្ថបទដែលជាប់ទាក់ទង