ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង៣ពាន់លានរៀល និងជាង៤លានដុល្លារ សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

123

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានបិទបញ្ចប់ការទទួលសមាជិកស្ថាបនិកហើយ គិតត្រឹមថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៨ ដោយបច្ចុប្បន្នមូលនិធិមានសមាជិកស្ថាបនិកចំនួន១៣០រូប រួមជាមួយសមាជិកផ្សេងៗទៀត ជាច្រើនរូប ហើយទទួលបានថវិកាបរិច្ចាគចំ​នួន ៣.៥៣៧.៦៤៦.១៥០រៀល និង​៤.៩១៥.០៩៥ដុល្លារ។

បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្រោមទម្រង់ជាបរធនបាលកិច្ច មូលនិធិគន្ធបុប្ផាកម្ពុជា បែងចែកសប្បុរសជន ដែលបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាបីប្រភេទ គឺ១) សមាជិកស្ថាបនិក ២)សមាជិកកិត្តិយស និង៣)សមាជិកគាំទ្រ ដោយក្នុងនោះសម្រាប់សប្បុរសជនដែលមានបំណងក្លាយជាសមាជិកស្ថាបនិក អាចចូលរួមបរិច្ចាគតាមលក្ខខណ្ឌកំណត់ក្នុងរយៈពេល៣ខែដំបូង គិតចាប់ពីថ្ងៃទី១១ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។ ដោយឡែកសម្រាប់សមាជិកកិត្តិយស និងសមាជិកគាំទ្រ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តទទួលដោយមិនមានពេលកំណត់ឡើយ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលសមាជិក ក្នុងប្រភេទនីមួយរួមមាន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បរិច្ចាគ៥០.០០០ដុល្លារប្រាំឆ្នាំជាប់គ្នា , កាកបាទក្រហមកម្ពុជា បរិច្ចាគ ១.០០០.០០០ដុល្លារ រៀងរាល់ឆ្នាំ, សមាជិកស្ថានិក ចំនួន១៣០រូប បរិច្ចាគ ចំនួន ១.៨២៥.០០០.០០០រៀល និង៣.០៨៥.៥០០ដុល្លារ , សមាជិកកិត្តិយស ចំនួន១០៧រូប បរិច្ចាគ ចំនួន៤៥៨.៧១០.០០០រៀល និង៥១១.៧៥៥ដុល្លារ , សមាជិកគាំទ្រ ចំនួន៤៦.៣៩៧រូបបរិច្ចាគចំនួន ១.២៤៤.៣៨៤.១៥០រៀល និង២៦៧.៥៦០ដុល្លារ និងសប្បុរសជនផ្សេងៗ៨៩០រូប បរិច្ចាគចំនួន៩.៥៥២.០០០រៀល និង ២៩០ដុល្លារ។ ដោយសរុបថវិកាទទួលបានពីការបរិច្ចាគ ចំ​នួន ៣.៥៣៧.៦៤៦.១៥០រៀល និង​៤.៩១៥.០៩៥ដុល្លារ។

សូមបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះ ជាកាយវិការមួយបង្ហាញឲ្យឃើញថាទាំងសប្បុរសជនទាំងក្នុងប្រទេស និង​ក្រៅប្រទេស បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាព នៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើមូលនិធិគន្ធបុប្ផាស្វីសដែលមានស្រាប់។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ឲ្យចូលរួមបរិច្ចាគ ក្នុងនាមជាសមាជិកកិត្តិយស ឬសមាជិកគាំទ្រ ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជាគ្រប់រូប ព្រោះភាព​ញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមរំលឹកថា ​មូលនិធិគន្ធបុប្ផាកម្ពុជាដែលបង្កើតឡើងដោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ​៕

   

អត្ថបទដែលជាប់ទាក់ទង