ផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំ ស្ដីពីការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង
និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុលោមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញបានបង្កើត ”រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ច
ទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។ ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។
ដើម្បីទំនើបកម្មសេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវា ឱ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជាក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បង់ទូទាត់តាមមធ្យោបាយអេឡិចត្រូនិក ជំនួសវិញដូចខាងក្រោម៖
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥នៃខែបន្ទាប់ (ឧទាហរណ៍ សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០ អតិថិជនត្រូវបង់ថ្លៃសេវាពីថ្ងៃទី១ ដល់ថ្ងៃទី១៥ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ACLEDA ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay។ល។
អតិថិជនក៏អាចជ្រើសរើសបង់ថ្លៃសេវាសម្រាប់ច្រើនខែទុកជាមុនបានផងដែរ ដោយប្រព័ន្ធទូទាត់នឹងធ្វើការកាត់កង
និងបង្ហាញសមតុល្យទឹកប្រាក់នៅសល់ជាស្វ័យប្រវត្តិជារៀងរាល់ខែ។ ក្នុងករណីខកខានមិនបានបង់ទូទាត់
ក្រោយរយៈពេលដប់ប្រាំ (១៥) ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវបានចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការ
ផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងវិធានការណ៍ផ្សេងៗទៀតតាមការចាំបាច់។
១- ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងវិក្កយបត្រអគ្គិសនី៖ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយផ្អែកតាមថ្លៃសេវាដែលបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ដោយគ្រាន់តែវាយបញ្ចូល លេខសំគាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី។
២-ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវា ដោយផ្ទាល់ជូនក្រុមហ៊ុនស៊ីនទ្រី៖ អតិថិជនមិនត្រូវបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងជូនក្រុមហ៊ុនស៊ីនទ្រីតទៅទៀតទេ ប៉ុន្តែត្រូវបង្វែរការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញវិញតាមប្រព័ន្ធអេឡិចត្រូនិច ឬធនាគារ ដូចបានជម្រាបជូនខាងលើ ដោយផ្អែកតាមថ្លៃសេវាដែលបានបង់ឱ្យក្រុមហ៊ុនស៊ីនទ្រី ដូចមាននៅក្នុងវិក្កយបត្រចុងក្រោយហើយត្រូវបង្ហាញឯកសារបង់ប្រាក់នៅបញ្ហារបង់ប្រាក់របស់ធនាគារ ឬភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចបានជម្រាបជូនខាងលើ។
៣- ចំពោះអតិថិជនដែលមិនធ្លាប់បង់ថ្លៃសេវាជូនក្រុមហ៊ុនស៊ីនទ្រីសោះ៖ អតិថិជនត្រូវយក លេខសម្គាល់អតិថិជន (ID) របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនី មកបង់តាមប្រព័ន្ធអេឡិចត្រូនិក ឬធនាគារ ដូចបានជម្រាបជូនខាងលើកុំបីខាន។
សូមបញ្ជាក់៖ អតិថិជនដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ត្រូវប្រើប្រាស់ លេខសម្គាល់អតិថិជន (ID)
ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី ដូចមានគំរូឧបសម្ព័ន្ធភ្ជាប់មកជាមួយ។
ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងអ្នកបង្កើតសំរាម
ទាំងអស់នៅរាជធានីភ្នំពេញ នឹងចូលរួមចំណែកក្នុងការពង្រីកវប្បធម៌ចូលរួម ក៏ដូចជាការរក្សាអនាម័យ បរិស្ថាន
សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត និងត្រូវអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕