ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តី ពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មានវិទ្យា
ភ្នំពេញ៖ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី ប្រធាន អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ មន្រ្តីជំនាញផ្នែកច្បាប់ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីបន្តពិនិត្យពិភាក្សាលើខ្លឹមសារ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីស្វែងរកការឯកភាពរួមគ្នា សម្រាប់ជាធាតុចូល ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ បទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ដោយកិច្ចប្រជុំនេះ បានពិភាក្សាគ្នាយ៉ាងផុសផុល លម្អិតអំពីការអនុវត្តក្រមនីតិវិធី និងការបំពេញតួនាទី ភារកិច្ចរបស់អង្គភាពជំនាញនីមួយៗ ដែលធ្វើយ៉ាងណាឱ្យមានការ សមស្របជាមួយការអនុវត្ត បន្ទាប់ពីច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះត្រូវបានចេញសេចក្តីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
សូមបញ្ជាក់ថា ច្បាប់នេះមានគោលបំណងធានា សុច្ចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រព្រឹត្តបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៕