ឃុំខ្លួនថៅកែស្រីក្រុមតន្ត្រីសម័យម្នាក់ ដែលវាយអ្នកចម្រៀងស្រីម្នាក់ បណ្ដាលឲ្យមានរបួសស្នាម
កំពង់ចាម ៖ នៅទីបំផុត ចៅក្រមតុលាការខេត្តកំពង់ចាម បានចេញដីកាសម្រេចឃុំខ្លួនថៅកែស្រីក្រុមតន្ត្រីសម័យ(ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥) ដែលវាយអ្នកចម្រៀងស្រីម្នាក់ បណ្ដាលឲ្យមានរបួសស្នាមច្រើនកន្លែង ក្រោមការចោទប្រកាន់ ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
រឿងរ៉ាវកំពុងផ្ទុះកក្រើកពេញបណ្ដាញសង្គម ក្នុងករណី ស្ដ្រីថៅកែតន្ដ្រីសម័យ (ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥) នៅខេត្តកំពង់ចាម បានប្រើអំពើហិង្សាលើនារីជាអ្នកចម្រៀងរបស់ខ្លួន រហូតមានរបួសធ្ងន់ធ្ងរនោះ បានធ្វើឲ្យមហាជន សម្ដែង នូវក្ដីអាណិតអាសូរ និងប្រកាស ថ្កោលទោស យ៉ាង ខ្លាំង ចំពោះទឹកដៃ ថៅកែស្រីចិត្តមារខាងលើ ខណៈសមាគមសិល្បករខ្មែរ ក៏បាន ចេញមុខ ដើម្បី រកយុត្តិធម៌ តាម លទ្ធភាព រហូតមកដល់ ពេលនេះចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនបង្កហេតុខាងលើដាក់ពន្ធនាគារ ហើយ។
លោកហេង ឡុង បានសរសេរសារលើហ្វេសប៊ុកថា
ទីបំផុតពន្លឺយុត្តិធម៌ចាប់ផ្ដើមមានសម្រាប់ជនរងគ្រោះហើយ។ សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ចាមដែលបានចំណាត់ការទាន់ពេលវេលា។
សូមជម្រាបជូនទៅភាគីដែលបានបង្ករបួសស្នាម
ខ្ញុំបាទមានកាតព្វកិច្ចសម្របសម្រួលទាំងពីរភាគី ផ្ដល់សេវាមេធាវីដោយឥតគិតថ្លៃទាំងពីរភាគី (បើក្នុងករណីភាគីម្ខាងទៀតជាអ្នកសិល្បៈដែរ)។ បើមានភស្តុតាង សាក្សី បញ្ជាក់ថាខ្លួនមិនបានបង្ក សុំមកទំនាក់ទំនងមកខ្ញុំបាទផ្ទាល់ 095777888។ ខ្ញុំបាទមិនមានសមត្ថកិច្ចក្នុងការកាត់ក្តីទៅលើភាគីណាម្នាក់ឡើយ សូមភាគីបង្កកុំយល់ច្រឡំ។
លោកធន់ ដារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ត្រីថៅកែមាន ឈ្មោះ ជន យ៉ារី អាយុ៣៨ឆ្នាំ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តនៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សម្រេចបង្គាប់ឲ្យពន្ធនាគារខេត្តកំពង់ចាមឃុំខ្លួនជនត្រូវចោទ ឈ្មោះ ជន យ៉ារី រហូតដល់មានការសម្រេចជាថ្មីពីតុលាការ។
ជនរងគ្រោះក្នុងសំណុំរឿងហិង្សានេះ ឈ្មោះ ចាន់ លក្ខិណា ហៅស្រីពេជ្រ ជាស្ត្រីមេម៉ាយកូន៣នាក់ បានឲ្យដឹងថា ខ្លួនទើបចូលច្រៀងឲ្យ ក្រុមតន្ត្រីនេះ អំឡុងខែ១១ ឆ្នាំ២០១៩ កន្លងទៅ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ពេលកំពុងច្រៀងនោះ កូនតូចរបស់ខ្លួនមានជំងឺចុកពោះខ្លាំង ខ្លួនក៏ចុះមកមើលកូន ស្រាប់តែត្រូវថៅកែស្រី ជេរស្ដី ហើយបង្គាប់ឲ្យកូនចៅប្រុសជាច្រើននាក់ មកចាប់ខ្លួនដើម្បីឲ្យគាត់វាយដំ រហូតរងរបួសពេញផ្ទៃមុខ និងដងខ្លួនតែម្ដង។ ក្រោយកើតហេតុ មានមហាជនជាច្រើនបានឈឺឆ្អាលនឹងអំពើរបស់ថៅកែស្រីនេះ ក៏បានថតរូបនាងបង្ហោះក្នុងបណ្ដាញសង្គម ទើបសមត្ថកិច្ចឃាត់ខ្លួនថៅកែស្រីតែម្ដង។
លោកបន្តថា យោងលើមាត្រា ២០៣, មាត្រា ២០៤, មាត្រា ២០៥ និងមាត្រា ២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
យោងលើដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៖ ១៥ ១៥ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។ ចាប់ខ្លួននៅថ្ងៃទី១៣.ខែធ្នូ ឆ្នាំ២០១៩ ។
ហេតុដូច្នេះសម្រេចបង្គាប់អោយភ្នាក់ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែល មានឈ្មោះខាងលើទៅពន្ធនាគារខេត្តកំពង់ចាម ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ បង្គាប់មកប្រធានពន្ធនាគារខេត្តកំពង់ចាម ទទួលនិងឃុំខ្លួនជននេះ រហូតមានបញ្ហាថ្មីសម្រេចរផ្សេងពីនេះ ។ បង្គាប់អោយគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់នៅពេលត្រូវបានបង្ហាញដ៏កានេះចូលរួមសហការអនុវត្តអោយបានល្អក្នុងករណីចាំបាច់ ៕