អ្នកគ្រូបង្រៀនស្រស់ស្អាតម្នាក់ ត្រូវឃាតករសម្លាប់យ៉ាងព្រៃផ្សៃ
បាត់ដំបង ៖ អ្នកគ្រូបង្រៀនស្រស់ស្អាតម្នាក់ ត្រូវឃាតករវាយសម្លាប់យ៉ាងព្រៃផ្សៃ ដោយនៅមិនទាន់ថា អាចជាករណីឃាតកម្ម ដោយសារគំនុំ ឬក៏ជាការរំលោភសម្លាប់នោះឡើយ ខណៈដែលអ្នកគ្រូរូបនេះជិះម៉ូតូចេញពីបង្រៀនសិស្សក្នុងដំណើរវិលត្រឡប់ទៅលំនៅឋានវិញ។
សាច់ញាតិជនរងគ្រោះ បានសរសេរសារលើហ្វេសប៊ុកថា វាលឿនពេកហើយអ្នកគ្រូអើយ អ្នកគ្រូចាន់ថា នៅស្រុកសំឡូតចាស់ខេត្ដបាត់ដំបង់ បានស្លាប់ហើយបងប្អូន ជួយស៊ែឲ្យបងប្អូនយើងបានដឹងផងបាទ។
សពត្រូវបានប្រទះឃើញនៅវេលាម៉ោង ៥និង២៥ នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសភាពសពរបស់ស្ត្រីរងគ្រោះ គឺដេកផ្កាប់មុខនៅក្នុងព្រៃ ដោយនៅក្បែរៗទីតាំងកើតហេតុ គេសង្កេតឃើញថា ទាំងម៉ូតូឌ្រីមសង់ ដែលអ្នកគ្រូជិះចេញពីសាលា ក៏ដូចជាទូរសព្ទដៃ គឺនៅទីនោះទំាងអស់ ដោយមិនមានការបាត់បង់នោះឡើយ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និង កីឡា ស្រុកសំឡូត ទៅកាន់មន្ទីរអប់រំយុវជន និង កីឡា ខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩ ឆ្នាំ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ជាគ្រូបឋមសិក្សា នៃសាលាអំពិលលើ បានបាត់ខ្លួននៅចន្លោះម៉ោង ១១ និង ៣០ នាទី ទៅម៉ោង ១២ ថ្ងៃត្រង់ ពេលដែលអ្នកគ្រូចេញពីសាលា។
សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង ៥ និង ២៥ នាទី ល្ងាចថ្ងៃដដែល ក្នុងភូមិសាស្ត្រខាងលើ ដែលមានចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីផ្លូវ ដែលការវិនិច្ឆ័យបឋម អាចជារឿងគំនុំ ព្រោះបើគេពិនិត្យមើលពីខាងក្រៅ សពមានស្លាកស្នាមវាយតប់ជាច្រើនកន្លែង មុននឹងឃាតករសម្លាប់ រីឯសម្ភារៈមួយចំនួនរបស់សព ក៏មិនមានការបាត់បង់ឡើយ។
នៅព្រឹកថ្ងៃទី១៧នេះក្រុមការងារ នៃការិយាល័យបច្ចេកទេស និងកោសល្យវិច័យ ចុះទៅពិនិត្យស្លាកស្នាម ជាករណីឃាតកម្មដោយគំនុំ ឬក៏ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ ដើម្បីស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕