ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ សំណើរបៀបវារៈចំនួន ៧

86

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន៧។

របៀបវារៈចំនួន៧រួមមាន៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន
ហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ(ខេមបូឌា)ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៣០មេហ្គាវ៉ាត់ នៅខេត្បន្ទាយមាជ័យ។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត
យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី(ខេមបូឌា)បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
៥- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិសាត់។
៦- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែនមីនើរ៉ល ខមភេនីលីមីធីត នៃសាធារណរដ្ឋប្រជធិបតេយ្យប្រជាមានិតឡាវ។
៧- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម​លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន សេកុង សឹមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិ-ការព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឱ្យព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ លើសេចក្តីព្រាងច្បាប់ចំនួន៧ខាងលើ ហើយដែលសេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី១ គឺស្ថិតក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍជនបទ និងបរិស្ថាន រីឯសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈ ចំនួន៦ខាងក្រោម គឺជាវិស័យសមត្ថកិច្ចរបស់គណៈកម្មកាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មព្រឹទ្ធសភា។
អាស្រ័យដោយមិនមានការផ្តល់យោបល់បន្ថែមពីសមាជិក សមាជិកាលើសេចក្តីព្រាងច្បាប់ទាំងអស់ អង្គប្រជុំក៏បានអនុម័តយល់ព្រម លើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៧ខាងលើ ហើយប្រគល់ជូនគណៈកម្មការដែល ជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សា ដោយចាត់ទុកជាការប្រញាប់ និងផ្តល់យោបល់រាយការណ៍ ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ ក្នុងអង្គប្រជុំ នាពេលខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង