ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមចុះរឹបអូសឈើលេខ១ ចំនួន១៦០កំណាត់ ដែលឈ្មួញគរលាក់ទុកនៅឃុំប៉យ ស្រុកអូរជុំ

91

រតនគិរី៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ,កម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ និងកម្លាំងកម្លាំងប៉ុស្តិ៍នគរបាលឃុំប៉យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិ បានចុះរឹបអូសឈើលេខ១ ចំនួន១៦០កំណាត់ ដែលឈ្មួញដឹកយកទៅគរលាក់ទុកក្នុងព្រៃ ស្ថិតក្នុងឃុំប៉យ ស្រុកអូរជុំ ខេត្តរតនគិរី។

យោងតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នាថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ លោកបានចាត់តាំងបញ្ជាឱ្យលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរព័ត៌មានសនិ្តសុខបច្ចេកទេស សហការជាមួយស្ថាប័នមានសមត្ថកិច្ច ពិសេសមានការសម្របសម្រួលពីលោក រ៉ា បូវ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី និងជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ ចុះទៅពិនិត្យដល់ទីតាំងក្នុងភូមិស្រុកអូរជុំ ប្រទះឃើញឈើប្រភេទលេខ១ ក្នុងនិយាមកា X71653Y47355 (អូរឡាង) ភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី និងប្រភេទឈើស្រឡៅចំនួន ១៦០កំណាត់ ដែលជនមិនស្គាល់មុខយកមកសន្សំទុកចោល ដោយពុំមានការអនុញ្ញាត។
បច្ចុប្បន្ន ផ្នែករដ្ឋបាលព្រៃឈើ រឹបអូសវត្ថុតាងបទល្មើសធនធានធម្មជាតិព្រៃឈើជាបណ្តោះអាសន្ន នៅចំណុចទីតាំងខាងលើ ដោយមានការយាមការពារពីសមត្ថកិច្ច។

លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខនៃទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រាប់ថា មុនឈានដល់ការចុះបង្ក្រាបទីតាំងខាងលើនេះ គឺទទួលព័ត៌មានពីបណ្តាញព័ត៌មានសម្ងាត់ រួចសុំយោបល់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ចុះបង្ក្រាបជាក់ស្តែងតែម្តង។

លោកវរសេនីយ៍ទោ ឃី សុខា ប្រាប់បន្តថា ដោយស្ថានភាពផ្លូវមានការលំបាក ហើយភ្លៀងធ្លាក់ជាប់ផងនោះ កម្លាំងសមត្ថកិច្ចបានរក្សាឈើទាំងនោះនៅកន្លែងដដែលសិន រង់ចាំមេឃបើកថ្ងៃនឹងយកមធ្យោបាយទៅដឹកយកមកប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ ចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង