ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះទៅដោះស្រាយ ករណីប្តឹងរឿងជម្លោះ នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ ឲ្យរងរបួសយ៉ាងទម្ងន់

104

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ឲ្យរងរបួសយ៉ាងទម្ងន់ ក្នុងពេលចុះបំពេញការងារ ទៅសាកសួររកជនប្រព្រឹត្តបទល្មើស យោងតាមពាក្យបណ្តឹងរបស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស ហើយជនល្មើស ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងនៅវម៉ោង៣រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។

ជនរងគ្រោះលោក ឃិន ទិត្យ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ។ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅមុខផ្សារនាគមាស លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរ ចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួរដំណើររឿងហេតុ។ គ្រាន់តែទៅដល់មុខផ្សារនាគមាសភ្លាម មិនបានសួរនាំផង ក៏ត្រូវជនល្មើស ស្ទុះមកកាប់ជាច្រើនកាំបិតបណ្តាលឲ្យរបួសតែម្តង។

ជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពរបួសធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង