ប្រភេទកីឡាចំនួន៩ ត្រូវបានរៀបចំឲ្យសម្តែងអបអរបុណ្យឆ្លងឆ្នាំសកល ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ៖ ប្រភេទកីឡាចំនួន៩ត្រូវបានរៀបចំឲ្យការសម្តែង បង្ហាញជូនសាធារណជន កាលពីយប់មិញ (៣១ធ្នូ) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០២០ យ៉ាងអធិកអម ក្រោមវត្តមានលោក ថោង ខុន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ប្រភេទកីឡាដែលបានដាក់ឲ្យសម្តែងអបអរនេះ មានដូចជាកីឡារាំ គុនល្បុក្កតោ ដែលជាក្បាច់ គុនប្រលឹងវប្បធម៌ជាតិខ្មែរ វូស៊ូ តេក្វាន់ដូWT តេក្វាន់ដូ ITF វ៉ូវីណាម យូដូជាដើម និងការប្រគំតន្ត្រីទេសចរណ៍។ នៅក្នុងការរៀបចំនេះក្រៅពីការកម្សាន្តលើប្រភេទកីឡា សិល្បៈចម្រុះ និងការបាញ់កាំជ្រួចអបអរឆ្លងឆ្នាំផងនោះ ក៏ជាឆ្នាំដែលកម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបញ្ជាក់ថា នៅពេលនេះជាការបង្ហាញជូនមហាជន ឲ្យបានជ្រួតជ្រាបអំពីការលេងកីឡា ការប្រគុំតន្រ្តីផ្សារភ្ជាប់នឹងការអបអរឆ្នាំទី២ នៃវិមានឈ្នះឈ្នះផង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីធ្វើឲ្យវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ មានភាពអធិកអធមជាប្រចាំផង។ ក្រៅពីនេះយើងក៏មានកម្មវិធីបញ្ជ្រាបការយល់ដឹងជូនដល់ប្រជាពលរដ្ឋ ស្តីពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយជាកម្មវិធីសំណួរចម្លើយយករង្វាន់ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីស៊ីហ្គេម និងការចូលរួមរបស់ពួកគាត់។ ឆ្នាំ២០២០នេះ គឺជាឆ្នាំសាកល្បងនៃព្រឹត្តិការណ៍នេះ ហើយនៅឆ្នាំក្រោយយើងនឹងរិះរកវិធី ដើម្បីធ្វើឲ្យកម្មវិធីបែបនេះកាន់តែល្អប្រសើរបន្ថែមទៀត។
លោក វ៉ាត់ ចំរើន បញ្ជាក់ទៀតថា យោងតាមអនុសាសន៍របស់លោក ថោង ខុន គឺយើងធ្វើឲ្យកន្លែងនេះ ដែលមានវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ ក្នុងស្រុកមួយដ៏ទាក់ទាញ ប៉ុន្តែយើងត្រូវតែរៀបចំព្រឹត្តិការណ៍កម្សាន្ត សិល្បៈ កីឡាចម្រុះ ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យស្គាល់ពហុកីឡដ្ឋានជាតិមរតកតេជោ និងបញ្ជ្រាបការយល់ដឹងជូនប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខផងដែរ៕