បុណ្យឆ្លងឆ្នាំសកល២០១៩-២០២០បញ្ចប់ ទៅដោយជោគជ័យ ក្រោមម្លប់សន្តិភាពមិនមានអ្វីកើតឡើង ប្រជាពលរដ្ឋដើរលេងសប្បាយរីករាយមួយយប់ទល់ភ្លឺ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យសាកលឆ្នាំ២០១៩ ឆ្លងចូល ២០២០នេះ នៅរាជធានីភ្នំពេញ គេបានឃើញថា មានការតាំងលម្អភ្លើងពណ៌ ការដុតកាំក្រូច ការរៀបចំនូវការតុបតែងអ្វីច្រើនយ៉ាងទៀតដើម្បីធ្វើឲ្យរាជធានីភ្នំពេញមានសុភ័ណភាពស្រស់បំព្រង ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ។
ក្រៅពីការរៀបចំសោភ័ណភាពរាជធានីភ្នំពេញដើម្បីទទួលអំណរសាទរឆ្នាំសកលឆ្នាំ២០១៩-២០២០នេះដែរពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរដោយមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅដើរលេងសប្បាយមួយយប់ទល់ភ្លឺ ដោយមិនមានបញ្ហាអ្វីកើតមានឡើងឡើយ ។
ភាពសុខសាន្ត ដោយមិនមានអំពើលួច ឆក់ប្លន់និងអំពើឃាតកម្មផ្សេងៗកើតឡើងនេះ គឺដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ក្នុងការ
អនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពបានល្អប្រសើរ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា រាជធា
នីភ្នំពេញ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ គឺរក្សាបានសន្តិសុខ សុវត្ថិភាពបានល្អ ពោលគឺមិនមានបទល្មើស ប្លន់ប្រដាប់អាវុធ ការបាញ់ប្រហារដែលធ្វើឲ្យមានឈាមប្រឡាក់តាមដងផ្លូវសាធារណៈនោះឡើយ។
សម្រាប់បុណ្យឆ្លងឆ្នាំថ្មីនេះដែរ ភាពសប្បាយរីករាយ គឺពិតជា ផ្តើមចេញពីប្រទេសមានសន្តិភាព ប្រជាពលរដ្ឋ
ដើរលេងទៅណាមកណា គ្មានការភ័យខ្លាច មិនថានៅក្នុងរាជធានីភ្នំពេញនោះទេ សូម្បីនៅគ្រប់ខេត្ត ក្រុងនៅទូទាំងប្រទេសប្រជាពលរដ្ឋក៏សប្បាយរីករាយផងដែរ ពោលគឺ មិនថាពេលថ្ងៃឬយប់ទេគឺពួកគាត់អាចធ្វើដំណើរពីខេត្ត១ទៅខេត្តមកដោយមិនមានការបារម្ភណ៍អ្វីឡើយ។ សន្តិភាព ស្ថេរភាពនយោបាយពិតជាមានតំលៃខ្លាំងណាស់ ដែលយើងត្រូវរួមគ្នារក្សាអោយបាន៕