ប្តី កាប់ប្រពន្ធរងរបួសធ្ងន់ ដោយសារតែចម្រៀងមួយបទ
កោះកុង៖ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង ដើម្បីច្រៀងលេង ហើយ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទចម្រៀងទេ ដោយសារតែម្តាយទើបតែស្លាប់ នាំឲ្យពិបាកចិត្តហេីយយំ តែប្រពន្ធនៅតែចាក់ ទេីបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រេីអំពើហិង្សា ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកេីតឡេីងកាលពីយប់ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣:៣០នាទី ទាបភ្លឺនារាត្រីឆ្លងឆ្នាំ នៅចំណុចខារ៉ាអូខេ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
បង្កឡេីងដោយជនសង្ស័យឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតតាំងតោកាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកខារាអូខេ បណ្តាលឲ្យរងរបួសធ្ងន់ និងកូនឈ្មោះ ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្ស រងរបួសធ្ងន់ ត្រូវបានសង្គ្រោះមកព្យាបាល នៅមន្ទីរពេទ្យខេត្ត ចំណែក ឯជនសង្ស័យវិញ បានជិះម៉ូតូរត់គេចខ្លួន ក្រោយធ្វេីសកម្មភាពរួច តែជាអកុសល ក៏ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង ឃាត់ខ្លួននៅ ចំណុចផ្លូវលេខ ៤៨ ប៉ុស្តិ៍តាតៃក្រោម ។
តាមការសួរចម្លើយ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេ ដោយសារតែម្តាយទើបតែស្លាប់ នាំឲ្យពិបាកចិត្តហេីយយំ តែប្រពន្ធនៅតែចាក់ ទេីបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រេីអំពើហិង្សា ។
បច្ចុប្បន្ន ជនសង្ស័យ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដេីម្បីបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕