ដាក់វិធានការ ទប់ស្កាត់ និងកាត់បន្ថយ ការបំពុលខ្យល់សាធារណៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ នេះ បានចេញសារចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ សារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។ ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានរួមសហការគ្នា ចូលរួមគំនិតយោបល់ផ្សេងៗដើម្បីតាក់
តែងនិងរៀបចំសារាចរ ស្តីវិធានការទប់ស្កាត់និងកាត់បន្ថយ ការបំពុលខ្យល់សាធារណៈនេះឡើង។
បើតាមសារាចរ វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងត្រួតពិនិត្យ
គុណភាពខ្យល់ ជាពិសេសគុណភាពខ្យល់សាធារណៈនៅតាមទីប្រជុំជនធំៗ ដោយតាមដានលើកំហាប់ភាគល្អិត
និចលមានវិជ្ឈមាត្រតូចជាង២,៥មីក្រូម៉ែត្រ (ហៅកាត់ថា PM២.៥) ដែលមានការកើនឡើងក្នុងកម្រិតអាច
បង្កហានិភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន។ ជាការកត់សម្គាល់ ប្រភពនិងសកម្មភាព
សំខាន់ៗដែលជាហេតុបង្កឱ្យកំហាប់ភាគល្អិតនិចល PM២.៥ មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញ
ផ្សែងពីរោងចក្រឧស្សហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហះឥន្ធនៈផ្សេងៗទៀត ភ្លើងឆេះព្រៃ
ការដុតរានដីព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាលនិង
ទីលានចាក់សំណល់ ការដ្ឋានសំណង់។ ការបំពុលខ្យល់នឹងមានសភាពកើនឡើងជាបន្តទៀតនាឆ្នាំបន្តបន្ទាប់
ប្រសិនបើមិនមានវិធានការគ្រប់គ្រងឱ្យបានសមស្រប។
កន្លងមក រាជរដ្ឋាភិបាលសង្កេតឃើញថា ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹង
ការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់
រហ័សនៃសេដ្ឋកិច្ចជាតិ។ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព
និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសោភ័ណភាព នៅតាមរាជធានី ខេត្ត រាជរដ្ឋាភិបាល
សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការមួយចំនួន
ដូចខាងក្រោម៖ ត្រូវពង្រឹងការគ្រប់គ្រងការហុយធូលី ឬភាគល្អិតនិចល ទៅក្នុងខ្យល់និងការបង្ហូរសំណល់ផ្សេងៗពី
ទីតាំងប្រភពបំពុលមានជាអាទិ៍ ការដ្ឋានសំណង់ ទីតាំងផលិតកម្មលាយបេតុងស្រេច ការដឹកជញ្ជូនគ្រួស
ខ្សាច់ ថ្ម ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ តាមរយៈការតម្រូវឱ្យមានការលាងសម្អាតកង់រថយន្តមុនចេញពី
ទីតាំងផលិតកម្ម ការបំពាក់ឧបករណ៍បាញ់ចំហាយទឹកដែលមានសម្ពាធខ្លាំង និងការគ្របយានយន្តឱ្យបាន
ជិតមុននឹងចេញពីទីតាំងអាជីវកម្ម ដើម្បីចៀសវាងការកំពប់ ឬជ្រុះ និងការហុយធូលី ឬភាគល្អិតនិចលនៅតាមដងផ្លូវ៕