ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់២នាក់​ ចោទប្រកាន់យុវជនម្នាក់​ថា ចរិតឌឺ ​ទា​​ញ​​កាំ​បិ​​តផ្គាក់ ​កាប់ស្លាប់ភ្លាមៗ​

60

កំពង់​ស្ពឺ​៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣មករា២០២០នេះ បានឲ្យដឹងថា ចោទប្រកាន់​ថា “ចរិតឌឺ​” ជនដៃដល់២នាក់​ជិះម៉ូ​​តូទា​​ញ​​កាំ​បិ​​តផ្គាក់ ​កាប់យុវជនម្នាក់ស្លាប់ភ្លាមៗ​ នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេ​ត្តកំពង់ស្ពឺ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ដ​សហ​ការ​ជាមួយ ​កម្លាំង​អធិការ​ស្រុក​បង្រ្កាប​បាន២​នាក់ ដកហូតបានវត្ថុតាងកាំបិតផ្គាក់១​ដើម។

ករណីឃាតកម្មកាលពី​វេលាម៉ោង​១៧​និង៥៥នាទី នាថ្ងៃទី ១ មករា ២០២០ នៅផ្លូវ១៤៤០ ភូមិក្រាំងស្នួល ឃុំព្នាយ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយជនសង្ស័យ​ ២នាក់ជិះម៉ូតូ​មួយគ្រឿង​ កាប់ជនរ​ងគ្រោះចំកញ្ចឹងក ពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ​នៅកន្លែង​កើតហេតុ​។

នគរបាលខេត្តកំពង់ស្ពឺ បានរាយការណ៍ថា ជនរងគ្រោះ​មាន​ឈ្មោះ​ កិ​ ឆេម​ ​ហៅឆាង ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ ។ មុនកើតហេតុ តាម​ការឆ្លើយ​បញ្ជាក់​ពីឈ្មោះ​ ផាន ខាវ​ ភេទប្រុស​ អា​យុ២១ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ​ បានឲ្យដឹង​ថា ខ្លួនបានមកធ្វើរោងការនៅភូមិសំបុរឈើ ឃុំស្គុះ ស្រុក​សំរោង​ទង​ ដោយបានទូរស័ព្ទហៅជន​រង​គ្រោះ​ឲ្យមកឌុបទៅផ្ទះវិញ ជិះម៉ូតូហុងដាសេ ១២៥ស៊េរី ២០១៧​ ពណ៌ខ្មៅដោយជនរងគ្រោះឲ្យខ្ញុំ (ផាន ខាវ) ជាអ្នកឌុប ពេលធ្វើដំណើរដល់ចំ​ណុចកើតហេតុ ស្រាប់តែមានជនល្មើស២នាក់ ជិះម៉ូតូ១គ្រឿង វ៉ាខាងឆ្វេងមកទន្ទឹម ម្នាក់ខាងក្រោ​យ
ទាញកាំបិតផ្គាក់កាប់ជនរងគ្រោះ ត្រូវផ្នែកកញ្ចឹងកខាងក្រោយ ធ្លាក់ពីលើម៉ូតូស្លាប់តែម្តង ។

ក្រោយហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​ លោកឧត្តម​សេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជាឲ្យជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ចុះ​សហការ​ស្រាវ​ជ្រា​វ ​ករណីឃាតកម្មខាងលើជាបន្ទាន់ ធ្វើយ៉ាងណា​រកជនដៃដល់ យកមកផ្ដន្ទាទោស​ឲ្យខាងតែបាន​។

យោងតាមការផ្ដល់ចម្លើយ​ពីសាក្សីមួយចំនួន នៅ​កន្លែង​កើតហេតុ​ ការិយាល័យជំនាញ​ស្រុក.ខេត្ត​ កំណត់​បានមុខសញ្ញាសង្ស័យ​ចំនួន២នាក់ ដែលតាមការ​ស្រាវជ្រាវ ​គឺជាមុខសញ្ញាក្មេងទំនើង និងជាមុខ​ស​ញ្ញាប្រើប្រា​ស់គ្រឿងញៀន ​(ក្នុងបញ្ជី​ខ្មៅនគរបា​លមូលដ្ឋាន)​ ជនសង្ស័យ​ទាំងពីរនាក់ មានឈ្មោះ ១.ឈ្មោះ​ ឆុន ថៃ ហៅប៉ាន់ ហៅតុ ភេទប្រុស​ អាយុ២០ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំព្នាយ​ ស្រុក​សំ​រោង​ទង​ មុខរបរ​ មិនពិតប្រាកដ​ និង២.ឈ្មោះ​ គឹម ស​ត្យា ហៅជេ ភេទប្រុសអាយុ​ ១៩ឆ្នាំនៅភូមិប៉ែលហែល សង្កាត់សុព័រទេព​ ក្រុងច្បារមន អ្នកកាន់​កាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះ។

តាមការបញ្ជាក់ឲ្យដឹងពីលោក​វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ថា ​​ជន​សង្ស័យម្នាក់ ចំណោមបក្ខពួក២នាក់​ បញ្ជាក់​ថា ពិ​តជាបា​នធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅ​លើ ​ជនរង​គ្រោះប្រាកដមែន​ មូលហេតុ​មកពីជ​ន​រងគ្រោះ​ ជាមនុស្ស​ធ្លាប់​ឌឺឲ្យជនដៃដល់ ​(គឹម​ សត្យា) និងបានសារ​ភាពថា ក្រោយកាប់រួច​ ខ្លួន​បា​នយកកាំបិតទៅលាក់ទុ​ក​ក្នុងគុម្ពព្រៃ​ បំបិតភ​ស្ដុតាង​ ជាលទ្ធផល​សម​ត្ថកិច្ច ​បាននាំជនស​ង្ស័យ ​ទៅយកវត្ថុតា​ងកាំបិត​ផ្គាក់ និងដកហូត ម៉ូតូហុងដា​ សេ១២៥​ស៊េ​រី​ ២០១៩​ ព​ណ៌​ខ្មៅ មធ្យោ​បា​យ​ធ្វើ​សកម្មភាព​។

បច្ចុប្បន្ន​ជនសង្ស័យ​និងវត្ថុតាង​ ត្រូវ​បាន​បញ្ជូន​ម​ក​ការិយាល័យព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ ដើម្បី​ធ្វើ​ការសាក​សួរ​ កសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​អយ្យការ​អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង