ជិះម៉ូតូពីភ្នំពេញទៅស្រុក លេងកូន ដួលម៉ូតូបោកក្បាលស្លាប់ នៅផ្លូវ២៧១
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង គោលបំណងចេញពីក្រុងភ្នំពេញ ទៅលេងកូននៅស្រុកកំណើតខេត្តព្រៃវែង បែរជាជ្រុលទៅបុកបង្គូលរភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាលទ្រូងផ្លូវ ផ្លោងទៅផ្លូវម្ខាងទៀត បោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុ។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះអតីតប្រមុខលន់នល់ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពឈ្មោះ បឿន ភារៈ ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខរបរ ធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅនៅក្រោយវត្តនួនមុន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំកណ្ដៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-9808 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីរថយន្តមួយគ្រឿង មកខាងឆ្វេង ប៉ះនឹងរបាំងថ្មចែកទ្រូងផ្លូវ ជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យផ្លោងទៅផ្លូវម្ខាងទៀត បោកផ្ទប់នឹងថ្នល់ បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។
បើតាមប្រភពពីបងប្រុសជនរងគ្រោះ បានឲ្យដឹងថា ប្អូនរបស់គាត់បានជិះម៉ូតូពីកន្លែង ស្នាក់នៅទៅលេងកូន នៅឯស្រុកកំណើតដោយនឹកកូនពេក លុះមកដល់ចំណុចកើតហេតុ បែរជាអកុសល បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចប្រគល់ម៉ូតូជូនទៅសាច់ញាតិជនរងគ្រោះវិញ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ជូន សាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យ៕