បុរសម្នាក់ស្លាប់ ដោយភ្លើងឆេះរោលខ្លោច ក្នុងរថយន្ត ខណៈជួបគ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ ដោយភ្លើងឆេះរោលនៅក្នុងរថយន្ត ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងដោយបើកបុករបាំងពុះទ្រូងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៩-១៨០ត្រង់ចំណុចមុខវិទ្យាល័យហ៊ុនសែនវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយខ្លួនឯងរថយន្តដោយ ម៉ាក LEXUS LX470 ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2N-3111 ។ អ្នកបើកបរ ឈ្មោះ នាក់ ចយ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រភពដដែលបានបន្តថា រថយន្តមានទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ បានបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្ត ឆាបឆេះជាអគ្គិភ័យបណ្តាលឱ្យអ្នកបើកបររថយន្តស្លាប់នៅនឹងកន្លែងកើតហេតុ ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕