ក្រុមហ៊ុន ស៊ីន ទ្រី បញ្ឈប់បុគ្គលិកការិយាល័យ៨៧នាក់ ធ្វើឲ្យមានការផ្ទុះការតវ៉ា
ភ្នំពេញ៖ បុគ្គលិកការិយាល័យ៨៧នាក់ របស់ក្រុមហ៊ុន ស៊ីន ទ្រី ផ្ទុះការតវ៉ាមុខក្រុមហ៊ុន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ខែមករានេះ បន្ទាប់ពីថៅកែបញ្ឈប់ពួកគេ ពីការងារដោយមិនបានប្រាប់មូលហេតុច្បាស់លាស់។
ជាមួយនឹងករណីនេះ លោកជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីព ជាតិកម្ពុជា (CCTU) បានសរសេរសារលើហ្វេសប៊ុកផ្លូវការថា “សិទ្ធិទាមទារបានធានាដោយច្បាប់ តែនីតិវិធី មុនឈានដល់កូដកម្ម ក៏ត្រូវតែអនវត្ត”។
ក្រុមអ្នកតវ៉ា បានលើកបដាទាមទារឲ្យក្រុមហ៊ុន ស៊ីន ទ្រី ទូទាត់សំណង ១០០ភាគរយ តាមច្បាប់ការងារ និងសូមឲ្យសាលារាជធានីភ្នំពេញ ទទួលយកពួកខ្ញុំទៅធ្វើការបន្តទៀត។ ពួកគេបានស្រែកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនបានជូនដំណឹងទៅបុគ្គលិក និងបានបញ្ឈប់បុគ្គលិកផ្នែកការិយាល័យចំនួន៨៧នាក់ ចំណែកកម្មករប្រមូលសំរាមផ្សេងទៀត មិនត្រូវបានក្រុមហ៊ុនបញ្ឈប់ទេ គឺនៅធ្វើការធម្មតា។ ការបញ្ឈប់បុគ្គលិកភ្លាមៗបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងធ្វើឱ្យពួកគាត់ពិបាករកការងារថ្មីសម្រាប់ធ្វើជាដើម។
ដោយពួកគេ បានតវ៉ាថា ការបញ្ឈប់បុគ្គលិកភ្លាមៗបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគេទាំងអស់គ្នា ដែលត្រូវមានចំណូលចំណាយប្រចាំថ្ងៃ។ ហើយការបញ្ឈប់ភ្លាមៗអ៊ីចឹង មិនដឹងជាយើងទៅរកការងារអ្វីបានធ្វើភ្លាមៗដែរ។
ពួកគេថា ការបញ្ឈប់ពួកគាត់ភ្លាមៗនេះ គឺធ្វើឡើងផ្ទុយពីប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ពេលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុននេះ គឺត្រូវរក្សាបុគ្គលិកនៅដដែល ហើយក្រុមហ៊ុនបញ្ឈប់បុគ្គលិកពីការងារនេះ គឺផ្តល់សំណងរំលឹកអតីតភាពការងារ ជូនពួកគាត់តែ៥០ភាគរយប៉ុណ្ណោះ ដែលបុគ្គលិកមិនអាចទទួលយកបានទេ ព្រោះបុគ្គលិកទាំងអស់ទាមទារសំណង១០០ភាគរយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដកសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី មកគ្រប់គ្រងជាបណ្ដោះអាសន្ន ។ សម្តេច ហ៊ុន សែន បានថ្លែងថា ការដកហូតសិទ្ធិពីក្រុមហ៊ុន ស៊ីន ទ្រី មកគ្រប់គ្រងបណ្តោះអាសន្ននេះ គឺរដ្ឋត្រូវគ្រប់គ្រងទាំងសម្ភារ និងបុគ្គលិកទាំងអស់៕