មន្រ្តីនគរបាល ឌួង ណាគ្រី ជាប់ពន្ធនាគារ១០ឆ្នាំ ករណីប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ
ភ្នំពេញ៖ វរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ករណីបាញ់ប្រហារប៉ង សម្លាប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ ។
លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងជនត្រូវចោទ វរសេនីយ៍ទោ ឌួង ណាគ្រី អតីតមានតួនាទី ជាអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ បញ្ញត្តិច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។
សូមបញ្ជាក់ថា ករណីប៉ុនប៉ងឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ ជនបង្ក បានបើករថយន្ត មកពីក្រោយដេញតាមរថយន្តរបស់ជនរងគ្រោះ តាមបណ្តោយផ្លូវព្រះមុនីវង្ស ហើយមកឈប់រថយន្តពីខាងមុខរថយន្តជនរងគ្រោះ ។ ករណីនេះ ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ ក៏ បានឈ្លោះប្រកែគ្នានៅពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតមកដល់ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។ ជនបង្កបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះ ពីក្រោយ ចំនួន៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុវិញ ដើម្បីមករករឿងបង្កជម្លោះជាមួយជនរងគ្រោះទៀត ហើយក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនវាយខ្នោះ៕