ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច សាយ ឈុំ ៖ ទណ្ឌិត សម រង្ស៊ី កំពុងបំពានលើព្រះមហាក្សត្រ ដែលអាចជាប់ពន្ធនាគារ៥ឆ្នាំ

194

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា បានអះអាងថា ព្រះរាជសាររបស់ព្រះអង្គម្ចាស់ជីវិតលើត្បូង បានអំពាវនាវឲ្យជនរួមជាតិ ទៅចូលរួមបោះឆ្នោត បានជ្រើសរើសបេក្ខជន ឬគណបក្សនយោបាយណាមួយ ដែលខ្លួនពេញចិត្ត មិនមែនជាការចាប់បង្ខំឡើយ ហើយសម្តេចប្រធានបានបញ្ជាក់បន្ថែមថា ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ទៅពូនសម្ងំនៅបរទេសនោះ បានហៅព្រះរាជសារលិខិតរបស់ព្រះករុណា ជាលិខិតក្លែងក្លាយ។

ក្នុងពិធីសម្ពោធឧបដ្ឋានសាលា ​និងសមិទ្ធផល ក្នុងវត្តចំការខ្សាច់ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា “ទណ្ឌិត សម រង្ស៊ី បានហៅព្រះរាជសារលិខិតរបស់ព្រះករុណា ម្ចាស់ជីវិតលើត្បូង ថាជាលិខិតក្លែងក្លាយ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿលើលិខិតចុងក្រោយនេះ របស់ព្រះមហាក្សត្រ “។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា “តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាទង្វើបំពាន ឬថាប្រមាថដល់អង្គព្រះមហាក្សត្រ ដែលការពារដោយរដ្ឋធម្មនុញ្ញ ។ បើយោងទៅតាម មាត្រា៤៣៧ ក្រមព្រហ្មទណ្ឌ ទោសនេះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ ពី២លានរៀល ដល់១០លានរៀល” ។

ជាមួយគ្នានោះដែរ ក្រុមដែលដាក់ឈ្មោះខ្លួនឯងថា “ជាគណៈកម្មាធិការចំពោះកិច្ច” របស់គណបក្សសង្រ្គោះជាតិ ដែលគេបានប្រជុំនោះ បានដាក់ចេញនូវយុទ្ធសាស្រ្ត អំពាវនាវឲ្យប្រជាជន ទាំងក្នុងនិងក្រៅប្រទេស កុំឲ្យទទួលស្គាល់ការបោះឆ្នោត នៅពេលខាងមុខនេះ។ នេះជាទង្វើដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយបើតាមការព្រះករុណាខ្ញុំពិចារណា និងវាយតម្លៃឃើញថា នេះគ្រាន់តែជាល្បិចកលមួយ ដើម្បីលួងចិត្តខ្លួនឯងតែប៉ុណ្ណោះ ដែលមិនអាចបោកប្រាស់ ប្រជាពលរដ្ឋយើង ទាំងក្នុងនិងក្រៅប្រទេសបានឡើយ ។ សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ។ រាជរដ្ឋាភិបាល មានការប្តេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការថែរក្សាសន្តិភាព សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីបំពេញកាតព្វកិច្ចរបស់យើង ជាពលរដ្ឋ ដូចដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីសម្រេចនូវជោគវាសនា របស់ពួកយើងម្នាក់ៗ ក៏ដូចជាជោគវាសនាប្រទេសជាតិ ដែលជ្រើសរើសយកគណបក្សនយោបាយណា ដែលយើងពេញចិត្ត ឲ្យបន្តដឹកនាំប្រទេសជាតិ រយៈពេល៥ឆ្នាំទៅមុខទៀត ។

នៅសល់តែ៤៧ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៦ ។ នេះគឺជាការបោះឆ្នោតដែលអនុវត្តន៍ ត្រឹមត្រូវនិងទៀងទាត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ ។ គណបក្សនយោបាយចំនួន២០ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ ហើយចូលរួមប្រកួតប្រជែង

នៅក្នុងការបោះឆ្នោត ហើយការចាប់លេខរៀង របស់គណបក្សនយោបាយនីមួយៗ ដើម្បីដាក់ឈ្មោះលើបញ្ជីឈ្មោះបោះឆ្នោត ក៏បានធ្វើរួចរាល់ហើយផងដែរ ។ រាជរដ្ឋាភិបាល បានមានការប្តេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការបោះឆ្នោតទាំងមូល បានប្រព្រឹត្តទៅប្រកបដោយបរិយាកាស សន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តិធម៌ដែលទាំងអស់គ្នា អាចទទួលយកបាន ។ ជាងនេះទៅទៀត ព្រះករុណា ជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានព្រះរាជសារអំពាវនាវឲ្យជនរួមជាតិទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានជ្រើសរើសបេក្ខជន ឬគណបក្សនយោបាយណាមួយ ដែលយើងពេញចិត្តមិនមែនជាការចាប់បង្ខំ ឬគាបសង្កត់ណាមួយនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង