ស្ពានឆ្លងកាត់ទន្លេបាសាក់២កន្លែងទៀត គ្រោងនិងស្ថាបនាឡើងនៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីរំដោះចរាចរនៅតាមបណ្តោយផ្លូវអមសងខាងទន្លេនេះ
ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍អោយបានប្រសើរឡើងនៅលើបណ្តោយផ្លូវជាតិលេខ២ លេខ៣៦៩ ក៏ដូចជាផ្លូវជាតិលេខ១និងផ្លូវតភ្ជាប់មួយចំនួនទៀត គឺ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ (ស្ពានព្រែកសំរោង) រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែងទៀត ដែលគម្រោងនេះគ្រោងនិងស្ថាបនាឡើងនៅពេលដ៏ខ្លីខាងមុខនេះ ។
នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំមួយជាមួយក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ មករា ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ (ស្ពានព្រែកសំរោង) គឺមានចន្លោះពីស្ថានព្រះមុនីវង្ស ទៅស្ថានទន្លេបាសាក់ តាខ្មៅមានប្រវែងប្រមាណ៧៥៣៨ម៉ែត្រ មានបណ្តាញផ្លូវមេចំនួនពីរខ្សែសណ្តូកតាមបណ្តោយទន្លេបាសាក់ ។ក្នុងនោះ
ទី១៖ ផ្លូវលេខ៣៦៩ អមផ្នែកខាងកើតទន្លេ ដែលមានទទឹងចន្លោះពី២០ទៅ៣០ម៉ែត្រ ។ ទី២៖ ផ្លូវជាតិលេខ២ អមផ្នែកខាងលិចទន្លេដែលមានទទឹង ៣០ម៉ែត្រ ចាប់ពីស្ថានព្រះមុន្នីវង្ស ដល់រង្វង់មូល ព្រះនរាយណ៍ មានប្រវែងប្រមាណ៤២៨២ម៉ែត្រ បន្តឆ្លងកាត់ទីក្រុងតាខ្មៅ និងផ្លូវជាតិលេខ២១។ក្នុងតំបន់នេះជាចរន្តដែលត្រូវធ្វើចរាចរណ៍ឆ្លងកាត់ចូលមកផ្នែកកណ្តាលនៃរាជធានីភ្នំពេញ ដែលបណ្តាលអោយចរារណ៍កកស្ទះ ដោយសាតំណើនសេដ្ឋកិច្ចទីផ្សារនិងប្រជាពលរដ្ឋ ដូចនេះចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ដោយសិក្សារកដំណោះស្រាយបញ្ហាសការកកស្ទះ តាមរយៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងបណ្តាញផ្លូវមេសំខាន់ៗមួយចំនួន ។ក្នុងនោះរួមមាន គម្រោងទី១ តភ្ជាប់ត្រង់ភូមិទួលរកា ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងភូមិព្រែកតាពៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ស្ថាននេះ ចាប់បន្តពីមហាវិថីអ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាងឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែលើ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០- ៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ៨៨៧ម៉ែត្រ។
គម្រោងទី២ តភ្ជាប់ត្រង់ភូមិទួលរកា ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ និងភូមិអូអណ្តូង
សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ស្ថានចាប់បន្តពីគម្រោងផ្លូវ៥០-៦០ម៉ែត្រ(មហាឧបាសកហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី នេះគ្រាន់តែជាគម្រោងដែលបាននិងកំពុងសិក្សានូវឡើយទេ មិនទាន់កំណត់ថា នឹងត្រូវសាងសង់នៅពេលណាអោយបានច្បាស់លាស់នោះទេ ៕