បើកសង្វៀនថ្មី”អធិរាជកម្លាំងរេដអាន” ដោយចាប់ផ្តើមនៅព្រលប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិដែលមានឈ្មោះថា “អធិរាជកម្លាំងអេដអាន” នឹងបើកការប្រកួតលើសង្វៀនថ្មីរបស់អាស៊ីអាគ្នេយ៍ នៅពេលព្រលប់ថ្ងៃអាទិត្យ ដោយចាប់ផ្តើមប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិ និង មិត្តភាពរវាងខ្មែរនិងខ្មែរផងដែរ ។
សង្វៀនពេលព្រលប់ថ្ងៃអាទិត្យនៅអាស៊ីអាគ្នេយ៍នេះ កាលមិនទាន់បញ្ចប់នោះ ជាកម្មវិធីប្រដាល់ដែលមានឈ្មោះ”ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” តែបើកលើកនេះត្រូវបានប្រសិទ្ធនាមថ្មី “អធិរាជកម្លាំងអេដអាន” ។
ការប្រកួត“អធិរាជកម្លាំងអេដអាន”នេះ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី០៥មករា២០២០ ចុងសប្តាហ៍នេះ ដែលមានកីឡាករជើងខ្លាំងៗចំនួន១០នាក់ចូលរួម ។ ក្នុងនោះ ក៏មានគូអន្តរជាតិពីរ គូផងដែរ គឺឡុង សំណាង អ្នកប្រដាល់ជើងខ្លាំងក្លិបសាលវ័ន្តកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃPhanuo Ngenដោយប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។
លោកយិន ខេមរា នាយកទីផ្សារនិងទំនាក់ទំនងសាធារណៈប្រចាំអាស៊ីអាគ្នេយ៍ បានអោយដឹងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៣មករានេះថា កម្មវិធីប្រដាល់“អធិរាជកម្លាំងអេដអាន” ជាដំណាក់ៗបន្តបន្ទាប់ទៀតនោះ នឹងបើកការប្រកួតដណ្តើមខ្សែក្រវាត់ តែសម្រាប់ការបើកឆាកដំបូងនេះ គឺជាការប្រកួតលក្ខណះមិត្តភាពអន្តរជាតិ រវាងកីឡាករខ្មែរនិងកីឡាករថៃប៉ុណ្ណោះ ។
លោក នាង វាសនា តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន ជួយឧបត្ថម្ភលើកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះ ដោយសារបានកត់សម្គាល់ឃើញថា វិស័យកីឡាប្រដាល់នាពេលបច្ចុប្បន្ននេះ មានការរីកចំរើនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ មួយទៀត លោកក៏ចង់អោយកីឡាករប្រដាល់បានចូលរួមក្នុងការប្រកួតបានច្រើនផងដែរ ។
លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្រើនរំលឹកផ្តាំផ្ញើដល់គណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវតែបំពេញការងារឲ្យបានល្អ ដោយឈរលើគោលការណ៍ច្បាប់ បទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការងារកាត់ក្តី មានភាព ត្រឹមត្រូវ សុក្រឹត យុត្តិធម៏ ចៀសវាងកើតមានបាតុភាពមិនប្រក្រតី ដូចជាពេលកន្លងមក ។ ហើយលោកក៍បានផ្តាំផ្ញើដល់មន្រ្តីបច្ចេកទេសផងដែរ ត្រូវតែមានសមត្ថភាព និងមានឆន្ទៈធ្វើការងារ ។
សម្រាប់គូប្រកួតទាំង៥គូ ដែលដាក់អោយនៅថ្ងៃបើកឆាកដំបូងនេះ គូអន្តរជាតិ គឺ ឡុង សំណាងក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយPhanuo Ngen ដែលគូនេះគឺដើម្បីអោយសំណាងស្គាល់ពីកម្រិតសមត្ថភាពរបស់កីឡាករថៃចំណូលថ្មីម្នាក់នេះ។
អ្នកប្រដាល់ថៃPhanuo Ngenនេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។ Phanuo Ngen អ្នកប្រដាល់ថៃរូបនេះ មានកម្ពស់ប្រហែលនឹងឡុងសំណាងដែរ គឺ១,៦៧ម៉ែត្រ តែប្រវត្តិប្រកួតរបស់គេ គឺតិចជាងសំណាង ប្រមាណជាង៣០លើកឯណោះ ។ Phanuo Ngenប្រកួតបានចំនួន៦៣លើក ដោយឈ្នះ៥៥លើក ចាញ់០៨លើក មិនដែលស្មើ ខណះដែលឡុង សំណាង អ្នកប្រដាល់កម្ពុជាយើងប្រកួតបានចំនួន៩៥លើក ឈ្នះ៨១លើក ចាញ់១១លើក និងស្មើ០៣លើក ។
គូអន្តរជាតិមួយគូទៀតនោះ គឺវង្ស វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលទើបឈ្នះខ្សែក្រវាត់ឆេមពានទម្ងន់៦៧គីឡូក្រាមនោះ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃKhun Krongthap ក្នុងប្រភេទទម្ងន់៦៧គ.ក្រ ។
Khun Krongthapនេះ ជាអ្នកប្រដាល់ថៃចាស់វស្សាធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកហើយកន្លងមក ។ យ៉ាងណា អ្នកប្រដាល់ថៃរូបនេះ ខ្លាំងគួរសមដែរ ។គេមានប្រវត្តិប្រកួតចំនួន៨៨លើក ឈ្នះ៦៩លើក និងចាញ់១៩លើក មិនដែលស្មើ ។
វង្ស វិឆ័យ គេមានប្រវត្តិប្រកួតចំនួន៦២លើក ឈ្នះ៥៦លើក និងចាញ់០៦លើក មិនដែលស្មើដូចគ្នា ។ អ្នកណាឈ្នះ អ្នកណាចាញ់ មិនអាចទស្សន៍ទាយមុនបាននោះឡើយ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ធន អៀនឡេង អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយប៉ុក វិបុល ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម ។ឡុង សំណាង ក្លិបវិបុលដារិទ្ធពោធិសែនជ័យ នឹងជួបសាកកណ្តាប់ដៃ ជាមួយសេក ថាវរី អ្នកប្រដាល់ក្លិបអង្គរមានជ័យ ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងមួយគូទៀត ផុន សុខវិបុល ក្លិបតាព្រហ្មមានជ័យ ជួបប្រកួតជាមួយលីន ថាប្រុស ក្លិបបូរីរាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម៕វិសិទ្ធ(រូប៨)
១)សន្និសីទសារព័ត៌មានពីការបើក កម្មវិធីប្រដាល់“អធិរាជកម្លាំងអេដអាន”
២)គណៈកម្មការបច្ចេកទេស កម្មវិធីប្រដាល់“អធិរាជកម្លាំងអេដអាន”
៣)កីឡាករជើងខ្លាំងកម្ពុជាដែលចូលរួមប្រកួត កម្មវិធីប្រដាល់“អធិរាជកម្លាំងអេដអាន”
៤) ៥) ៦) ៧) ៨)