នាយពែកមីថា ប៉ូលិសពិន័យអស់100ដុល្លារ
បាត់ដំបង៖ ប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង បានធ្វើការពិន័យតារាកំប្លែងនាយពែកមីអស់100ដុល្លារ ដោយសារតែបញ្ជារថយន្ត ល្មើសនឹងច្បាប់ចរាចរណ៍ចំនួន២ករណី គឺចាប់ល្បឿនលើសកំណត់ និងប័ណ្ណបើកបរ។
នាយពែកមី បានសរសេរលើហ្វេសប៊ុកថា ” ប៉ូលិសចរាចរណ៍នៅបាត់ដំបង ចាប់អស់៤០ម៉ឺនរៀល ។ មើលមុខប៉ូលិសញញឹម សូមបងប្អូនប្រយ័ត្នអស់លុយដូចខ្ញុំ (ចាប់ល្បឿន និងប័ណ្ណបើកបរ)។
នៅថ្ងៃទី២១ខែមករានេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ ក្រុមការងារគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលមានមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមនៅក្នុងគណៈកម្មាធិការនោះ បានធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ នៅចំណុច (ពុកឆ្មា)ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រង់គីឡូម៉ែត្រលេខ PK281+200 ។
ក្នុងពេលត្រួតពិនិត្យនេះ មានរថយន្តទំនើបមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BE 6007 បានធ្វើដំណើរក្នុងទិសដៅពីខេត្តបាត់ដំបង សំដៅទៅរាជធានីភ្នំពេញ ។ មកដល់ចំណុចត្រួតពិនិត្យនេះ អ្នកបើកបររថយន្តខាងលើ ត្រូវបានមន្រ្តីនគរបាលនៅចំណុចនេះ ធ្វើការត្រួតពិនិត្យរកប័ណ្ណបើកបរ ប៉ុន្តែបុរសជាអ្នកបើកបររថយន្តខាងលើឈ្មោះ ហ៊ុយ រតនា បានបញ្ជាក់ថា (គាត់មិនមានប័ណ្ណបើកបររថយន្តទេ) ។ ករណីបែបនេះ មន្រ្តីនគរបាលចរាចរណ៍ដែលចូលរួមនៅក្នុងគណៈកម្មាធិការបានប្រាប់អំពីកំហុសឆ្គងរបស់គាត់ ក្នុងការបើកបររថយន្តដោយ (គ្មានប័ណ្ណបើកបរ) ដែលត្រូវទទួលការពិន័យអន្តរការណ៍ស្របតាមមាត្រា១០ នៃអនុក្រិត្យលេខ៤៤អនក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកបើកបររថយន្តឈ្មោះ ហ៊ុយ រតនា បានទទួលស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន និងបានយល់ព្រមឲ្យមន្រ្តីនគរបាល ធ្វើការផាកពិន័យអន្តរការណ៍ ដោយមានប័ណ្ណផាកពិន័យត្រឹមត្រូវ ជាមួយនេះមន្រ្តីនគរបាលចរាចរណ៍ បានធ្វើការអប់រំណែនាំគាត់កុំឲ្យមានកំហុសឆ្គងបែបនេះជាបន្តទៀត ស្របពេលជាមួយនោះ មានបុរសម្នាក់ដែលស្គាល់ឈ្មោះហៅថា (ពែកមី) ជាតារាកំប្លែងបានចេញពីក្នុងរថយន្តខាងលើ ហើយយកប្រាក់ទៅបង់ថ្លៃ (ពិន័យអន្តរការណ៍) នេះជំនួសអ្នកបើកបររថយន្តឈ្មោះ ហ៊ុយ រតនា ព្រមទាំងសុំថតរូបភ្ជាប់ជាមួយមន្រ្តីនគរបាលចរាចរណ៍ផង មុនពេលគាត់ចូលទៅក្នុងរថយន្តខាងលើវិញ និងចាកចេញទៅ ។
ក្រុមការងារប្រតិកម្មរហ័ស បានបញ្ជាក់ថា ការអនុវត្តនូវតួនាទីនិងភារកិច្ច របស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំពោះករណីខាងលើ គឺមន្រ្តីនគរបាលបានអនុវត្តស្របតាមច្បាប់ ស្របតាមអនុក្រិត្យ តួនាទីនិងភារកិច្ចរបស់ខ្លួនដោយត្រឹមត្រូវ ហើយការបំភ្លឺជូនរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលនេះ ដើម្បីចៀសវាងនូវការភាន់ច្រឡំណាមួយពីមហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ចំពោះករណីខាងលើ ដោយសេចក្តីគោរពបំផុត សូមអរគុណ ៕