ចេញដីកាចាប់ ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ម្នាក់
ភ្នំពេញ៖ ព្រះរាជអាជ្ញា កែវ សុធា បានចេញដីកាបង្គាប់ឲ្យ ខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់សម្លាប់ DJ នៅក្លឹបកម្សាន្ដមួយ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
បើតាមដីការ បស់ព្រះរាជអាជ្ញា កែវ សុធា កាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បញ្ជាឲ្យខ្មាន់កាំភ្លើង ចូលខ្លួន បានបង្ហាញថា ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទឃាតកម្ម។
សូមរំលឹកថា ខ្មាន់កាំភ្លើងម្នាក់បាន បាញ់ប្រហារ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ត្រូវចំក្បាលជនរងគ្រោះឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា មុខរបរអ្នកចាក់ភ្លេង (DJ) បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
បច្ចុប្បន្នផែនជំនាញខណ្ឌ និងប៉ុស្ដិ៍កំពុងបន្តនិតិវិធីស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់។
បុគ្គលិកក្នុងហេតុដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នា ដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ៕