សម្តេចតេជោហ៊ុនសែន ជួបមេបញ្ជាការ កងទ័ពជើងគោកសឹង្ហបុរី
ភ្នំពេញ៖
នៅវិមានសន្តិភាពនារសៀលថ្ងៃអង្គារ១២រោចខែបុស្សឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២១ខែមករាឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ទោGoh Si Hou មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសសឹង្ហបុរី។
ក្នុងជំនួបនោះឯកឧត្តមGoh Si Hou បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាឯកឧត្តមធ្លាប់បានមកកាន់ប្រទេសកម្ពុជាហើយដំណើរទស្សនកិច្ចជាផ្លូវការនៅពេលនេះឯកឧត្តមមានអារម្មណ៍ថាកម្ពុជាមានសុខសន្តិភាពហើយមានការអភិវឌ្ឍហើយការអភិវឌ្ឍន៍នោះសោតគឺជាការអភិវឌ្ឍន៍រយៈពេល២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ឯកឧត្តមមានប្រសាសន៍ថាសន្តិភាពដែលទទួលបានមកនេះគឺបានដោយពិបាកហើយសន្តិភាពនេះស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជាសម្រាប់រយៈពេលវែងថែមទៀត។
ឯកឧត្តមបានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាហើយបានជួបពិភាក្សាការងារជាមួយឯកឧត្តមហ៊ុនម៉ាណែតផងដែរដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ឯកឧត្តមមានប្រសាសន៍បន្តទៀតថាឯកឧត្តមរួមជាមួយនឹងឯកឧត្តមហ៊ុនម៉ាណែតនឹងបន្តធ្វើការជាមួយគ្នាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រទេសទាំងពីររួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ជាមួយគ្នានេះផងដែរឯកឧត្តមបានជម្រាបជូនសម្ដេចតេជោផងដែរថាកងទ័ពទាំងពីរកន្លងមកមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អហើយឯកឧត្តមនិងឯកឧត្តមហ៊ុនម៉ាណែតនឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។
សម្តេចតេជោហ៊ុនសែនបានទទួលការស្វាគមន៍និងកិច្ចពិភាក្សារវាងឯកឧត្តមនិងឯកឧត្តមហ៊ុនម៉ាណែតហើយសម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថាជាការពិតណាស់កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមកក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថានៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើងបើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តGoh Si Hou អំពីនយោបាយរបស់កម្ពុជាគឺប្រជាពលរដ្ឋគឺជាខឿនការពារជាតិកម្ពុជាកងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជាក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផលចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយនិងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ទៀតថាសម្ដេចពុំមានការជឿជាក់ថាការប្រើកម្លាំងក្នុងការដោះស្រាយបញ្ហានោះបានទេផ្ទុយទៅវិញការចរចាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍទេដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជាជាមួយនឹងប្រទេសជិតខាងអាចក្លាយជាព្រំប្រទល់សន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍលើសពីនោះទៅទៀតគឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារនិងការអភិវឌ្ឍ៕