បុរសម្នាក់ ត្រូវគេសម្លាប់រួចដុតចោល
ភ្នំពេញ៖ សង្ស័យជាករណីឃាតកម្ម បុរសម្នាក់ ត្រូវប្រទះឃើញស្លាប់ដោយ សពត្រូវឃាតករដុតបំផ្លាញ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចព្រៃស្មៅដីម៉ុងខ្មោច ក្រោយវត្តតាភេម ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ខែមករា ប្រហែល១១ព្រឹក គេឃើញជនរងគ្រោះ ដើរចូលទៅកន្លែងទីតាំងកើតហេតុ ដោយមានយួរស្រាបៀរ១ថង់ និងសាច់ក្លែមទៅជាមួយ ហើយមិនឃើញបុរសនោះត្រឡប់មកវិញឡើយ។ លុះព្រឹកថ្ងៃទី២៣ខែមករានេះ មានកម្មករសំណង់ម្នាក់ បានដើរទាក់លលក ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អត់មានពាក់អាវស្លៀកតែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត៕