ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញស្នើសូមអោយ ព្រះសង្ឃ ពុទ្ធបរិស័ទ រក្សាសន្តិភាពអោយបានគង់វង់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើនបន្ថែមទៀត

70

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ រក្សាសន្តិភាពអោយបានគង់វង់  ព្រោះថាមានសន្តិភាពទើបមានការអភិវឌ្ឍទាំងអាណាចក្រនិងពុទ្ធចក្រ។

  ការស្នើសូមបែបនេះរបស់លោក អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៣ កក្កដា ២០២០ ក្នុងឱកាសដែល លោកនិងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ កុដិ និងសមិទ្ធផលនានានៅក្នុងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ ។
  ក្នុងឱកាសនោះ លោកឃួង ស្រេងក៏បានលើកឡើងពីទុក្ខលំបាកនិងការឈឺចាប់បំផុតនៅក្នុងរបបប៉ុលពត ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ។លោកបានបញ្ជាក់ថា ការរំឭកពីការឈឺចាប់និងទុក្ខលំបាកនេះ គឺដើម្បីដាស់តឿនដល់គ្រប់គ្នាពិសេស យុវជនជំនាន់ក្រោយ ឲ្យដឹងពីការឈឺចាប់ទាំងនេះ  ហើយរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់កុំអោយសង្គ្រាមកើតឡើង បង្កភាពឈឺចាប់បន្តទៀត ។ ដូច្នេះទេយើងទាំងអស់គ្នាត្រូវតែរួមគ្នារក្សាឲ្យបាននូវសន្តិភាពនៅកម្ពុជា ។ មានសន្តិភាពគឺមានអ្វីៗទាំងអស់មានទាំងការអភិវឌ្ឍ ទាំងពុទ្ធចក្រនិងអាណាចក្រ។
   ជាក់ស្ដែងសម្រាប់សមិទ្ធផលដែលកើតឡើងនៅក្នុងវត្តអង្គបឹងចកនៅពេលនេះ គឺពិតជាបានកើតចេញពីប្រទេសកម្ពុជាយើងមានសន្តិភាពពេញលេញនេះហើយ។
  លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក្នុងឱកាសនោះ បានមានប្រសាសន៍បញ្ជាក់ផងដែរថា វត្តអង្គបឹងចក បានកើតឡើងតាំងពីឆ្នាំ ១៧៨៩ ហើយបើគិតមកដល់ពេលនេះ វត្តនេះមានអាយុកាលជាង២០០ ឆ្នាំហើយ។ មុនឆ្នាំ១៩៧០វត្តនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ តែនៅក្នុងកំឡុងឆ្នាំ៧០ដល់ឆ្នាំ៧៥ ដោយប្រទេសជាតិធ្លាក់នៅក្នុងសង្គ្រាម វត្តនេះត្រូវបានគេបោះបង់ចោល។ ក្នុងឆ្នាំ១៩៧៥ដល់ ១៩៧៩ ខណៈដែលប្រទេសជាតិធ្លាក់ក្នុងដៃរបស់ប៉ុលពត ទីវត្តអារាមនេះត្រូវបានពួកប៉ុលពតយកធ្វើជាទីតាំងកងទ័ព ។ តែក្រោយឆ្នាំ ១៩៧៩ ទីវត្តអារាមនេះ បានរស់ឡើងវិញ និងបានកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ននេះ ។ ជាក់ស្តែងមកដល់ពេលនេះ ក្រោមការជួយជ្រោមជ្រែង ពីពុទ្ធបរិស័ទចំណុះជើងវត្តបានកសាងនូវសមិទ្ធផលជាច្រើនដែលបានសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ ក្នុងនោះរួមមានកុដិ២ខ្នងជាមួយនឹងការជួសជុលសាលាឆាន់១ខ្នង ដោយបានចំណាយទឹកប្រាក់អស់ប្រមាណ ជាង២០ម៉ឺនដុល្លារអាមេរិក៕
អត្ថបទដែលជាប់ទាក់ទង