រឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់ស្តែង ក្នុងកាត់បន្ថយឲ្យបាននូវអត្រា ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ លោកស្នងការ បានដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍។
នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាធ្វើយ៉ាងណាត្រូវខិតខំដើម្បីកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ និងលោកអធិការខណ្ឌទាំង១៤ ផងដែរ ។
លោកស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤ ឲ្យសិក្សាស្រាវជ្រាវឲ្យបានច្បាស់ ថាតើករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងនៅពេលណា ម៉ោងណា ដោយសារអ្វី ដែលគប្បីដាក់កម្លាំងអនុវត្តការងារឲ្យបានសមស្រប និងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង ។
ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ លោកស្នងការបានដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់ស្តែង យកមកវិភាគ ប្រៀបធៀប ថាតើក្នុងអំឡុងពេលអនុវត្តការងារមួយសប្តាហ៍នេះ ថាតើមានការថយចុះកំរិតណា ?
លោកស្នងការ ក៏បានណែនាំឲ្យកម្លាំងចម្រុះទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើជនបរទេសដែលបើកបរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសជនបរទេសដែលប្រើប្រាស់រថយន្តដែលមានស្លាកលេខ នប និង ខម ។ល។
ស្របពេលដែលត្រូវចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ លោកស្នងការបានណែនាំដល់កម្លាំងទាំងអស់ ត្រូវគោរពវិន័យឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបាននូវការសាទរ និងគាំទ្រពីមជ្ឈដ្ឋានទូទៅ ៕