រកឃើញករណីជំងឺផ្លូវដង្ហើមថ្មី នៅលើជនជាតិចិនម្នាក់ នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានប្រកាសក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា វិទ្យាស្ថាន Pasteur ទើបតែបានបញ្ជាក់នៅរសៀលម៉ោង ៣ ថ្ងៃនេះថា បុរសជនជាតិចិនម្នាក់ អាយុ ៦០ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន ចូលមកខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានផ្ទុកមេរោគរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មី។ បុរសជនជាតិចិននេះ ធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារ ៣នាក់ទៀត ខណៈដែលសមាជិកគ្រួសារគាត់ ៣នាក់នេះ មិនមានរោគសញ្ញាជំងឺរលាកសួតថ្មីនោះទេ។
បុរសជនជាតិចិននេះ នៅពេលមកដល់ក្រុងព្រះសីហនុ នាថ្ងៃទី២៣ មករា ចេញរោគសញ្ញា នាថ្ងៃទី២៥ មករា (គ្រុនក្តៅ ហៀរសំបោរ) ហើយយកវត្ថុវិភាគ នៅថ្ងៃទី២៦ ខែមករា និងលទ្ធផលវិជ្ជមាន នាថ្ងៃទី២៧ មករា ដោយវិទ្យស្ថាន ប៉ាស្ទ័រ។ វិធានការរបស់ក្រុមគ្រូពេទ្យ គឺដាក់គាត់ ក្នុងបន្ទប់ដោយឡែក នៅមន្ទីរពេទ្យខេត្តពព្រះសីហនុ ហើយដាក់អ្នកប៉ះពាល់ទាំងអស់ ដែលជាសមាជិកគ្រួសារគាត់ ៣នាក់ នៅតាមដានសុខភាព បាញ់សម្លាប់មេរោគនៅកន្លែងគាត់ស្នាក់នៅ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា បុរសជនជាតិចិននេះ នៅសម្រាកព្យាបាលក្នុងប្រទេសកម្ពុជាយើង រហូតដល់ជាសះស្បើយ ទើបឲ្យគាត់ធ្វើដំណើរចាកចេញពីកម្ពុជា។
គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅប្រទេសចិន អ្នកស្លាប់ដោយជំងឺរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មីនេះ បានកើនដល់ ៨០នាក់ រីឯអ្នកឆ្លងវិរុសដ៏សាហាវនេះ កើនលើស ២៧០០ករណីហើយ។ ក្នុងនោះ ប្រទេសជាង ១០ផ្សេងទៀត ក៏កើតមានជំងឺរលាកសួត កូរ៉ូណា វីរុស ដូចជា នៅថៃ និងវៀតណាម ជាដើម។
គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ។គួរបញ្ជាក់ថាករណីជំងឺឆ្លងខាងលើនេះគេរកឃើញនៅខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ៕