ផ្លាស់ប្តូរតំណែងស្នងការនគរបាលខេត្តកណ្តាល
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរតំណែងស្នងការនគរបាលខេត្តកណ្តាល ដោយក្នុងនោះ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តកណ្តាល ទៅជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវបានទៅកាន់តួនាទីជា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ។
នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាល ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ប្រការ១-ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម ៖
១-លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ០៣៦៤១ ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជា នាយករង មន្ទីរប្រឆាំងគ្រឿងញៀន ។
២-លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ៥៣៨៤៩ ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ប្រការ២-អង្គភាពដើមមានភារកិច្ចផ្ទេរប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ព្រមទាំងកាត់ផ្តាច់ក្របខ័ណ្ឌឲ្យមកអង្គភាពថ្មីគ្រប់គ្រងបន្តចាប់ពីខែមេសា ឆ្នាំ២០២០ ៕