ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែកប័ណ្ណ សម្គាល់ម្ចាស់អចលនវត្ថុជូន ពលរដ្ឋចំនួន៥៨២ នាក់ ស្ថិតនៅបុរីប៊ុន ហួរ ក្នុងសង្កាត់ចោមចៅទី២

73

ភ្នំពេញ ៖ លោក ហែម​ ដារិទ្ធិ​ អភិបាលខណ្ឌពោធិសែនជ័យ រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន៥៨២ នាក់ ស្ថិតនៅបុរីប៊ុន ហួរ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានមាន​ប្រសាសន៍​កោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និង​ការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប&ណ្ណដី។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល​នឹងជម្រុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់​ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ​ជម្រុញ​ការ​ចុះបញ្ជីដីធ្លី របស់រាជរដ្ឋាភិបាល។

លោកអភិបាល បន្តថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូន​ទទួល​បាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជា​ឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការ​ប្រើ​ប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ​ការផ្ទេរ​ទៅ​ឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាង​ការ​ធ្លាក់​ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើ​ផ្សេងៗ​ទៀត នាំឲ្យមានការលំបាក ដល់បងប្អូន ដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់។

លោកក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន ឲ្យបានស្អាតល្អជានិច្ច ដោយវេចខ្ចប់សម្រាម និងទុកដាក់ឲ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនប្រមូលសម្រាម ប្រមូលយកទៅចោល ហើយជាពិសេស រាល់ការលក់ដូរ ធ្វើអាជីវកម្មផ្សេងៗ សូមកុំរំលោភលើចិញ្ចើមផ្លូវ។

ក្នុងឱកាសនេះដែរ បងប្អូនប្រជាពរដ្ឋដែលបានទទួល វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ បានថ្លែងអំណរអរគុណ ដល់មន្ទីរជំនាញ និងអាជ្ញាធរដែនដីគ្រប់រំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ក្រោមការដឹកនាំដ៏ឆ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

យយយ

អត្ថបទដែលជាប់ទាក់ទង