បញ្ជូនមុខសញ្ញាឃាតកម្មម្នាក់ ទៅតុលាការ
ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបមុខសញ្ញាឃាតកម្មម្នាក់ នៅចំណុចមុខបន្ទាយង៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ផូ ថុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើសកម្មភាពប្រដាប់ដោយកាំភ្លើងបាញ់ទៅលើជនរងគ្រោះឈ្មោះ កង នី ភេទស្រី អាយុ៣៥ឆ្នាំ នៅចំណុចភូមិត្រពាំងព្រេច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវបណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបានរត់គេចខ្លួន។មូលហេតុៈ ទំនាស់ពាក្យសំដី(ជនសង្ស័យជាអតីតប្តី ដែលបានលែងលះគ្នាយូហើយ របស់ជនរងគ្រោះខឹងជនរងគ្រោះវាយកូន) ។ តាមចម្លើយសារភាពរបស់ឈ្មោះ ផូ ថុន កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន២នាក់ទៀត រួមមាន ឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិបឹងក្អែក ឃុំពានមានជ័យ ស្រុកពាមរ៍ក ខេត្តព្រៃវែង (មុខសញ្ញាលួចម៉ូតូ) ឃាត់ខ្លួននៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ រីម រ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាលួចម៉ូតូ)។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានកាំភ្លើងខ្លីម៉ាកK59 ចំនួន១ដើម ម៉ូតូ២គ្រឿង និងសម្ភារៈមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖កូឡាប