ក្រសួងទេសចរណ៍ផ្សព្វផ្សាយ ពីវេទិទេសចរណ៍អាស៊ានឆ្នាំ (ATF)២០២១ មុនបណ្ដើៗដល់ក្រសួង-ស្ថាប័ន មន្ទីរ ដៃគូឯកជន និងភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ក្នុងរយៈពេល១០ឆ្នាំ ប្រទេសជាសមាជិកអាស៊ានមានឱកាសរៀបចំ “វេទិកាទេសចរណ៍អាស៊ាន ឬ ASEAN Tourism Forum (ATF)” បានតែម្ដងប៉ុណ្ណោះ ហើយនៅឆ្នាំ២០២១ខាងមុខ ដល់វេនកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ATF 2021 វិញម្ដង ខណៈកាលពីដើមឆ្នាំ២០២០ កន្លងទៅ ATF 2020 ត្រូវបានធ្វើឡើងនៅប្រទេសព្រុយណេ រួចមកហើយ។
ដើម្បីគៀរគរ និងបំផុសឱ្យមានការត្រៀមខ្លួនចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ATF 2021 នាពេលខាងមុខនោះ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំពិធីផ្សព្វផ្សាយជាផ្លូវការ “កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១” ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនានាប្រចាំកម្ពុជា មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ សមាគមទីភ្នាក់ងារទេសចរណ៍ (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) និងសហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងផ្នែកឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍សរុបប្រមាណ ៩០០នាក់។
អង្គពិធីបានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧-២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតរួម”។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២៣ ខែមករា ឆ្នាំ២០២១ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណជាង ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០០នាក់ មកពីជុំវិញពិភពលោក។
លោករដ្ឋមន្រ្តី ថោង ខុន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងផ្នែករដ្ឋ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យចូលរួមផ្សព្វផ្សាយអំពីការទទួលធ្វើជាម្ចាស់ផ្ទះ “វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១” និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនេះ ដើម្បីទទួលភ្ញៀវដែលមកលេងកម្ពុជាប្រកបដោយទស្សនទាន “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅដល់ទេសចរ”។
លោករដ្ឋមន្ត្រីបានបន្តថា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី “Covid-19” កម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប ក្នុងនោះគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលរបស់កម្ពុជា សម្បូរទៅដោយផលិតផលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងអេកូទេសចរណ៍។
នាឱកាសនោះ សមាគម CATA សមាគម PATACC និងសមាគម CTFបានប្តេជ្ញាគាំទ្រ និងចុះហត្ថលេខាលើអនុស្សរណៈស្តីពី ការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងការចូលរួមផ្សព្វផ្សាយ និងគៀរគរសមាជិក ដៃគូពាក់ព័ន្ធ ចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ឱ្យបានច្រើនកុះករ៕