ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រព័ន្ធអនុគ្រោះពន្ធEBA ៖គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ«ជាបណ្ដោះ​អាសន្ន» ​ពី​កម្ពុជាលើ​ទំនិញចំនួន​៤០​ប្រភេទ

62

ភ្នំពេញ៖ សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបនៅក្នុងសំណុំរឿងEBA ត្រូវបានប្រកាសជាផ្លូវការហើយនៅវេលាម៉ោងល្ងាចថ្ងៃទី១២ខែកុម្ភៈនេះតាមរយៈឯកសារ​​កម្រាស់១៦ទំព័រគណៈកម្មការអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធ«ជាបណ្ដោះអាសន្ន» ​ពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទដែលភាគច្រើនជាសម្លៀកបំពាក់ផលិតផលទាំងអស់នេះនាំចេញពីកម្ពុជាទៅអឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុបប្រមាណពាន់លានអឺរ៉ូជារៀងរាល់ឆ្នឆ្នាំ។

សហភាពអឺរ៉ុបនៅថ្ងៃពុធទី១២កុម្ភៈនេះបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា​ «គ្រប់មុខទំនិញលើកលែងសព្វាវុធ»Everything But Arms (EBA) មួយផ្នែកទៅលើមុខទំនិញមួយចំនួនដែលការណ៍នេះនឹងប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។

បើតាមសេចក្តីសម្រេចការព្យួរនេះនឹងប៉ះពាល់ផលិតផលស្បែកជើងនិងសម្លៀកបំពាក់មួយចំនួន។ហើយទំនិញសម្រាប់ធ្វើដំណើរនិងស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។សេចក្តីសម្រេចបញ្ជាក់ទៀតថាការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ១១០០លានដុល្លារជារៀងរាល់ឆ្នាំដែលស្មើប្រមាណ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជាដែលមានតម្លៃប្រមាណ៥៨០០លានដុល្លារអាមេរិក។

សេចក្តីសម្រេចបញ្ជាក់ថាប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុបនិងក្រុមប្រឹក្សានៅពេលខាងមុខការព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី១២ខែសីហាឆ្នាំ២០២០។

សេចក្តីសម្រេចបញ្ជាក់ទៀតថាគណៈកម្មការសហភាពអឺរ៉ុបនឹងបន្តតាមដានស្ថានភាពសិទ្ធិស៊ីវិលសិទ្ធិនយោបាយការងារដីធ្លីនិងផ្ទះសម្បែងផងដែរនៅកម្ពុជា។គណៈកម្មការអាចនឹងធ្វើវិសោធនកម្មសេចក្តីសម្រេចព្យួរនេះប្រសិនបើស្ថានភាពទាំងនេះមានភាពល្អប្រសើរនៅកម្ពុជា។

កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធEBA តាំងពីឆ្នាំ២០០១មកម្ល៉េះ។

យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុបការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០១៨មានទំហំប្រមាណ,៨ពាន់លានដុល្លារដែលក្នុងនោះផលិតផលសម្លៀកបំពាក់មានជាង៧៣,៤ភាគរយនៃការនាំចេញស្បែកជើងប្រមាណ១២,៧ភាគរយកង់,៧ភាគរយនិងអង្ករ៣ភាគរយ៕

 

 

អត្ថបទដែលជាប់ទាក់ទង