ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​របស់​អាមេរិក​មួយគ្រឿង​ចូល​ចត ក្រោយពី​ប្រទេស​និង​កោះ​ចំនួន​៦ បដិសេធ ព្រោះ​ខ្លាច​មាន​អ្នកជំងឺ Covid-19

52

 

​ភ្នំពេញ​៖ នាវា​ទេសចរណ៍​មួយគ្រឿង​ឈ្មោះ Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ ត្រូវបាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ។ ប្រទេស​និង​កោះ​ចំនួន​៦ បដិសេធ​មិន​ឲ្យ​នាវា​នេះ ចូល​ចត ដោយសារ​ភ័យខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ។ នាវា​ទេសចរណ៍​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាមេរិក​ហូ​ឡេ​ន​ដ៍ (Holland America) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។

​អ្នកគ្រប់គ្រង​នាវា​ទេសចរណ៍ Westerdam ថា មនុស្ស​ទាំងអស់​លើក​ប៉ាល់​មិនមាន​អ្នកណាម្នាក់ ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ Covid-19 នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា តើ​ហេតុអ្វី​កម្ពុជា​សម្រេច​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​របស់​អាមេរិក ចូល​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ខណៈ​ប្រទេស​និង​កោះ​សរុប​ចំនួន​៦ បាន​បដិសេធ​, មិន​ឲ្យ​ចូល​ចត​កំពង់ផែ​របស់ខ្លួន ដោយសារ​ខ្លាច​មេរោគ​កូ​រ៉ូ​ណា ឬ Covid-19 ?

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ហេតុអ្វី​ត្រូវ​សម្រេច​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​គេ​បាន​បិទ​អស់ហើយ​។ ដូចដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា ជំងឺ​ពិតប្រាកដ​គឺ​ភាពភ័យខ្លាច មិនមែនជា​ជំងឺ​កូ​រ៉ូ​ណា​នោះទេ​។ ការ​អនុ​ញ្ញ​ត​ឲ្យ​ចូល​នេះ​បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍ ត្រូវតែ​ចូលរួម​សង្គ្រោះ​ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​។​

​សម្តេច បាន​ថ្លែងបន្តថា យើង​ត្រូវ​សហការគ្នា ទាំង​អ្នក​ជាប់​នៅលើ​នាវា ដើម្បី​ជួយសង្គ្រោះ​ដោយ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ កិច្ចការ​នេះ​បង្ហាញ​ពី​ការងារ មនុស្សធម៌​ដ៏​ប្រពៃ និង​សណ្តាន​ចិត្ត​របស់​កម្ពុជា​សម្រាប់​ម​នុស្ស​លើ​ពិភពលោក ក្នុងការ​យកអាសា​រស​ម្រា​ប់​ជាតិ​សាសន៍​ដទៃ​។ បើ​គេ​មិន​ទទួល​កម្ពុជា​ទទួល កម្ពុជា​ក៏​ចង់​បង្ហាញថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ​វា​ក្លាយជា​បញ្ហា​ប្រឈម ជា​សកល​រួចទៅហើយ និង​ម្យ៉ាងទៀត​បញ្ហា​មនុស្សធម៌​ក៏​គ្មាន​ព្រំដែន​ដែរ​។ យើង​ត្រូវតែ​ជួយ​ពួកគេ​នៅពេលដែល​ពួកគេ​សុំឱ្យ​យើង​ជួយ យើង​ត្រូវតែ​ជួយ​គេ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

កប៉ាល់​ទេសចរណ៍ Westerdam មាន​ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​វា​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ (​អាមេរិក​) បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)៕​


អត្ថបទដែលជាប់ទាក់ទង