កម្ពុជា សោកស្ដាយចំពោះ សេចក្ដីសម្រេចដ៏អយុត្តិធម៌ របស់អឺរ៉ុប ពាក់ព័ន្ធនឹងការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA
ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA។ រាជរដ្ឋាភិបាលកម្ពជា មានការសោកស្តាយចំពោះសេចក្តីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិស្តីពីប្រពន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។
ទោះបីជាមានសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មនេះក្តី កម្ពុជា នៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនង របស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំ របស់ខ្លួនក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
បើទោះបីជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយេហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង៕