ប្រកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌបឹងកេងកង
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះបានរៀបចំពិធីប្រកាសរចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងរាជធានីភ្នំពេញស៊ុយ សារឹទ្ធនិងលោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងព្រមទាំងមន្រ្តីរាជការនៃសាលាខណ្ឌបឹងកេងកងជាច្រើនរយនាក់ផងដែរ។
ក្នុងពីធីនោះគណៈអធិបតីបានលើកឡើងថាដោយមានការរៀបចំដាក់ឲ្យអនុវត្តនូវអនុក្រឹត្យស្ដីពីមុខងារនិងរចនា សម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់រាជរដ្ឋាភិបាលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្មវិធីកំណែទម្រង់ស្នូលទាំងបីរួមមានដូចជា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណែទម្រង់ការគ្រប់គ្រងរដ្ឋ បាលសាធារណៈ, និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រនិងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ កម្មវិធីជាតិ១០ឆ្នាំ បានផ្តោតលើសមាសធាតុទាំង៥ រួមមាន៖ ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ,ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ, និងការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ចាប់ពីដើមឆ្នាំ២០២០ទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងរចនាសម្ព័ន្ធទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅលើវិស័យធំៗចំនួន ១៨រួមមាន៖
១.វិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល, ២.វិស័យអភិវឌ្ឍន៍ជនបទ, ៣.វិស័យធនធានទឹក, ៤.វិស័យបរិស្ថាន និងធនធានធម្មជាតិ, ៥.វិស័យរ៉ែ និងថាមពល, ៦.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៧.វិស័យសាធារណការ និងដឹកជញ្ជូន, ៨.វិស័យឧស្សាហកម្ម និងសិប្បកម្ម, ៩.វិស័យពាណិជ្ជកម្ម, ១០.វិស័យទេសចរណ៍, ១១.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១២.វិស័យកិច្ចការនារី, ១៣.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ១៤.វិស័យធម្មការ និងសាសនា, ១៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ១៦.វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍, ១៧.វិស័យសុខាភិបាល, ១៨.វិស័យអប់រំ។
ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋាលអោយស្របទៅតាមស្ថានភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិគឺមិនមែនជារឿងចៃដន្យឡេីយ តែបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីចំពោះបុព្វហេតុបម្រេីប្រជាជនជាម្ចាស់ឆ្នោតនិងធ្វេីអោយប្រទេសជាតិកាន់តែមានការរីកលេីគ្រប់វិស័យ៕