ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ឆ្នាំ​២០១៩ មានការ​កើន​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារ​ការហូរចូល​យ៉ាងគំហុក នៃ​ជនបរទេស

51

 

​ភ្នំពេញ​៖ បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ឆ្នាំ​២០១៩ មានការ​កើន​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារ​ការហូរចូល​យ៉ាងគំហុក នៃ​ជនបរទេស ដែល​នាំមក​ជាមួយ​នូវ​បទល្មើស ដែល​ប្រព្រឹត្តឡើង​ក្នុងចំណោម​ជនបរទេស​មួយចំនួន​ក៏ដោយ ក៏​កងកម្លាំង​នគរបាលជាតិ បាន​ប្រឹងប្រែង​បង្ក្រាបបាន ហើយ​បទល្មើស​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ចិត្តសាស្ដ្រ​សង្គម​ដូចជា លួច​មាន​ស្ថាន​ទម្ងន់​, រំលោភ​សម្លាប់​, អំពើហិង្សា​ដោយ​ចេតនា​, ឆបោក និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ​។

​ក្រសួងមហាផ្ទៃ គឺជា​សេនាធិការ​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ដោយមាន​បេសកម្ម​ដឹកនាំ គ្រប់គ្រង​រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់ លើ​វិស័យ​នយោបាយ​រដ្ឋបាល គ្រប់គ្រង​កងកម្លាំង​នគរបាលជាតិ​លើ​វិស័យ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេចបាន​សមិទ្ធផល​ជាច្រើន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ កងកម្លាំង​នគរបាលជាតិ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​កម្លាំង​អនុវត្ត​ច្បាប់​នានា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ការគាំទ្រ ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ការអនុវត្ត គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព បាន​រួមគ្នា​យ៉ាងសកម្ម​ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា ក្នុងសង្គម​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

​ក្នុងនោះ​ទោះបី​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ឆ្នាំ​២០១៩ មានការ​កើនឡើង​បន្ដិច (​កើន​៨​ភាគរយ​) ដោយសារ​ការហូរចូល​យ៉ាងគំហុក នៃ​ជនបរទេស ដែល​នាំមក​ជាមួយ​នូវ​បទល្មើស ដែល​ប្រព្រឹត្តឡើង​ក្នុងចំណោម​ជនបរទេស​មួយចំនួន​ក៏ដោយ ក៏​កងកម្លាំង​នគរបាលជាតិ បាន​ប្រឹងប្រែង​បង្ក្រាបបាន​រហូតដល់ ៨៩​ភាគរយ នៃ​បទល្មើស​ដែល​កើតមានឡើង គឺមាន​អត្រា​ខ្ពស់ជាង​ឆ្នាំ​២០១៨​។​

​ព្រម​ជាមួយនេះ បទល្មើស​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ចិត្តសាស្ដ្រ​សង្គម​ដូចជា លួច​មាន​ស្ថាន​ទម្ងន់​, រំលោភ​សម្លាប់​, អំពើហិង្សា​ដោយ​ចេតនា​, ឆបោក និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​ដោយឡែក​វិធានការ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន ត្រូវបាន​បន្ដ​ជំរុញ​យ៉ាងសកម្ម​ផុលផុស ស្របតាម​ផែនការ​នៃ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើក​ទី​៤ របស់​រាជរដ្ឋាភិបាល​។ ជាមួយគ្នានេះ ការងារ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​, សកម្មភាព​ក្មេង​ទំនើង​, ល្បែង​ស៉ី​សង​ខុសច្បាប់​, បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​, ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏ដូចជា​វិធានការ​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​, គ្រោះ​អគ្គិភ័យ​, អាវុធជាតិផ្ទុះ ក៏បាន​ខិតខំ​ប្រឹង​ប្រែ​អ​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ និង​ទទួលបាន​ការគាំទ្រ ការចូលរួម​កាន់តែច្រើន​ពី​សាធារណជន​។​

​ចំពោះ​ការគ្រប់គ្រង​វត្តមាន​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ​វិញ សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ត្រូវបាន​យកចិត្តទុកដាក់​ជា​បន្ថែ​ម​ទៀត និង​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ បន្ទាប់ពី​បញ្ចប់​ជា​ស្ថាពរ​នូវ​យុទ្ធនាការ នៃ​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់​។​

​ទន្ទឹមនេះ​ការគ្រប់គ្រង​ការចេញចូល​ឆ្លងកាត់​តាម​ច្រកទ្វារ​នានា ក៏ត្រូវ​បាន​ពង្រឹង និង​លើកកម្ពស់ តាមរយៈ​ការកែសម្រួល​បែបបទ​អ្នកដំណើរ ចេញចូល​ប្រទេស​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន ដើរ​ទន្ទឹមនឹង​ការបង្កើន​ការគ្រប់គ្រង​មុខសញ្ញា​នានា ដើម្បី​ចូលរួម​ពង្រឹង​សន្ដិសុខ​ជាតិ​។​

​ព្រម​ជាមួយនេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ចេញចូល​ប្រទេស​របស់​ប្រជាពលរដ្ឋ ច្រកទ្វារ​ស្វ័យប្រវត្តិ (E-Gate) នៅតាម​អាកាសយានដ្ឋាន​អន្ដរជាតិ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជំនួស​ឲ្យ​ការបំពេញ​ព័ត៌មាន​នៅក្នុង​សាលា​កប​ត្រ​។​

​សម្រាប់​ការងារ​អត្តសញ្ញាណ​កម្ម ក៏​សម្រេចបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ជាពិសេស​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ នូវ​ឯកសារ​សេសសល់ ដែល​បានដាក់ ពាក្យស្នើសុំ​កែតម្រូវ និង​មោឃភាព​ទិន្នន័យ​បញ្ជី​អត្រានុកូលដ្ឋាន ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ និង​បាន​បង្កើត​ក្រុមការងារ​ប្រចាំ​ការផ្ដល់​សេវាកម្ម អត្តសញ្ញាណ​កម្ម (GDI eServices) និង​ប្រតិកម្ម​រហ័ស រៀបចំ​តម្លើង​ប្រអប់​សំបុត្រ​នៅតាម​បណ្ដា​សាខា​ផ្ដល់​សេវា​អត្តសញ្ញាណ​កម្ម​ទាំងអស់ ដើម្បី​ទទួល​នូវ មតិយោបល់ ចូលរួម​ពី​សាធារណជន ព្រមទាំង​បានធ្វើការ​កែសម្រួល​យន្ដ​ការ​មួយចំនួន នៃ​ការផ្ដល់សេវា​អត្តសញ្ញាណ​កម្ម ដើម្បី​ឆ្លើយតប​នូវ​សំ​ណូ​រពរ របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព​។​
​ចំពោះ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សម្តេច​ក្រឡាហោម បានឱ្យដឹងថា អាស្រ័យ​ដោយ​ការប្ដេជ្ញាចិត្ត​ខាង​នយោបាយ​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល និង​ដោយមាន​ការគាំទ្រ ការចូលរួម​ពី​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​នានា បាន​ជំរុញ​កិច្ចដំណើរការ​កំណែទម្រង់​ឲ្យ​ឈានចូល​ក្នុងដំណាក់កាល​កាន់តែ​ស៉ី​ជម្រៅ ដែល​ក្នុងនោះ សមិទ្ធផល​សំខាន់​ដែលមាន​លក្ខណៈ​ប្រវត្តិសាស្ដ្រ​នោះ គឺ​ការកែសម្រួល​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ តាមរយៈ​ការដាក់ចេញ​អនុក្រឹត្យ​ចំនួន​០៣ ដែល​ឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​មិន​ដូចគ្នា​ទាំងស្រុង​រវាង ក្រុង ស្រុក និង​ខណ្ឌ​៕

អត្ថបទដែលជាប់ទាក់ទង