ជំងឺវីរុសកូរ៉ូណា វាយប្រហារភ្លាមៗទៅលើប្រជាជនចិន ហើយសន្ទុះនៃការឆ្លងក៏មានលក្ខណៈលឿន
ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសព័ត៌មានថា នាថ្ងៃទី១៩ ខែកុម្ភៈ លោកWang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញចូលរួមពិធីជប់លៀងរាត្រីនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គ លើកទី៥ ដែលបានរៀបចំឡើងក្នុងប្រទេសឡាវ លោកមានប្រសាសន៍ថា ក្នុងអំឡុងពេលនេះ ប្រជាជនចិនកំពុងតែរួមស្មារតីគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី។
ជំងឺវីរុសមួយនេះ គឺជាការវាយប្រហារភ្លាមៗទៅលើប្រជាជនចិន ហើយសំទុះនៃការឆ្លងក៏មានលក្ខណៈលឿនផងដែរ ប៉ុន្តែយើងមិនមានភាពរួញរាទេ ហើយរឹតតែមិនដួលដោយងាយផងដែរ។ ប្រឈមមុខជាមួយនឹងជម្ងឺនេះ ប្រទេសចិនមិនបានប្រយុទ្ធប្រឆាំងតែម្នាក់ឯងនោះទេ ពោលគឺទទួលបានការយល់គ្នា និងគាំទ្រគ្នាពីបណ្តាប្រទេសលើពិភពលោក។ មិត្តបណ្តាប្រទេសក្នុងអាស៊ានទាំងអស់គ្នាបានឈរយ៉ាងមុះមុត ជាមួយនឹងប្រទេសចិនតាំងពីដំបូង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ច ដោយអញ្ជើញមកបំពេញទស្សនកិច្ចក្នុងប្រទេសចិនដោយផ្ទាល់ សកម្មភាពនេះបានបញ្ជាក់ឲ្យឃើញពីសុភាសិតមួយដែលបានលើកឡើងថា “មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ”។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា បានបង្កើតវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីមិត្តភាពគ្រួសារតែមួយរវាងចិន និងថៃ។ យើងក៏បានឃើញថា មន្ត្រីនគរបាលប្រចាំតំបន់នៃប្រទេសឥណ្ឌូនេស៊ី និងតារាចម្រៀងប្រចាំប្រទេសម៉ាឡេស៊ី សុទ្ធតែបានផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋចិនតាមគ្រប់ទម្រង់រូបភាព។ ប្រទេសវៀតណាមដែលជាប្រធានប្តូរវេននៃអាស៊ានបានចេញសេចក្តីថ្លែងការណ៍ ដោយគាំទ្រពេញទំហឹងជាមួយនឹងការប្រយុទ្ធប្រឆាំងវីរុសមួយនេះនៅក្នុងប្រទេសចិន នេះបានបង្ហាញពីពាក្យពេចន៍ក្នុងចិត្តរួមគ្នារបស់បណ្តាប្រទេសនៅក្នុងអាស៊ាន។
ចំណែកឯលោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH) រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បានរៀបចំកិច្ចប្រជុំសំខាន់ចំនួនពីរសម្រាប់ថ្ងៃស្អែកក្នុងរយៈពេលដ៏ខ្លី។ ប្រទេសហ្វីលីពីនជាប្រទេសសម្របសម្រួលទំនាក់ទំនងចិន និងអាស៊ាន បានទំនាក់ទំនងកិច្ចសម្របសម្រួលយ៉ាងច្រើនក្នុងអាស៊ាន។ មនោសញ្ចេតនាមិត្តភាពនៃបណ្តាប្រទេសក្នុងអាស៊ាន និងសង្គមអន្តរជាតិ បានបង្កើនជំនឿចិត្តក្នុងការជម្នះលើបញ្ហាវីរុសមួយនេះសម្រាប់យើងទាំងអស់គ្នា ធ្វើឲ្យយើងមានអារម្មណ៍ថា មានភាពកក់ក្តៅក្នុងរដូវរងា និងរដូវផ្ការីកនឹងចូលមកដល់។ យើងជឿជាក់ថា ឆ្លងកាត់ករណីវីរុសមួយនេះ ទំនាក់ទំនងរវាងចិន និងអាស៊ាន និងព្រមទាំងទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសក្នុងអាស៊ាន នឹងកាន់តែស៊ីជម្រៅ និងបានលើកកម្ពស់កាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕