ជនល្មើសបាញ់មកលើសមត្ថកិច្ច ក្នុងពេលបង្ក្រាបបទល្មើសព្រៃឈើ នៅស្រុកភ្នំក្រវាញ ប៉ុន្តែអាវុធហត្ថ បានបដិសេធមិនមានករណីនេះទេ
ពោធិ៍សាត់៖មានសារព័ត៌មានមួយបានចុះផ្សាយថា កាលពីថ្ងៃទី 1 ខែមីនា មានការបាញ់ប្រហារមកលើសមត្ថកិច្ច បានបណ្តាលឲ្យស្លាប់ម្នាក់ នៅគ្រាដែលកំពុងបំពេញបេសកកម្ម នៅស្រុកភ្នំក្រវាញ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ ហើយជនបង្កបានបាញ់ស្រោចមកលើសមត្ថកិច្ច។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ព័ត៌មានដែលផ្សព្វផ្សាយខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ប្រឌិត បំផ្លើស បង្កភាពចលាចលសង្គម។
លោកបានបញ្ជាក់ថា “តាមការពិតមិនមានការបាញ់ប្រហារ បណ្តាលឱ្យកម្លាំងកងរាជអាវុធហត្ថណាម្នាក់ស្លាប់នោះទេ។
សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន”៕