ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធម្មការ ត្រៀមព្រាងច្បាប់គ្រប់គ្រងសាសនា

65

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថាក្រសួងកំពុងធ្វើ សេចក្តីព្រាង​ច្បាប់ស្តីពីការគ្រប់គ្រង​សាសនានៃ​ព្រះរាជាណាចក្រកម្ពុជា ដោយថាច្បាប់នេះធ្វើឡើងដើម្បីធានាការអនុវត្ត​ការងារលើវិស័យ​សាសនា​​ឱ្យមានប្រសិទ្ធភាព ព្រមទាំង​ដើម្បី​រៀបចំសុខដុមនីយកម្ម និងលើកតម្កើងតម្លៃសាសនា។
ក្នុងពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រ​ទើប​ត្រាស់​បង្គាប់តែងតាំងនៅរាជធានីភ្នំពេញ កាលពីថ្មីៗកន្លងមកនេះ រដ្ឋលេខាធិការប្រចាំការ​នៃក្រសួងធម្មការ និងសាសនា លោក ប្លោក ផន មានប្រសាសន៍ថា​ ខាងក្រសួងបានសហការជាមួយ​ព្រះសង្ឃទាំងពីរគណៈបានបង្កើតក្រុមការងាររៀបចំសេចក្តីព្រាង និងធ្វើ​ច្បាប់គ្រប់គ្រងសាសនា។
ប្រភពដដែលបន្តថា ក្រុមការងារនេះ បង្កើតឡើង​កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយលោកថាក្រុម​ការងារនេះ​នឹង​ចាប់ផ្តើម​សិក្សាស្រាវជ្រាវប្រមូលចងក្រង ច្បាប់ជាមាគ៌ា ជាគ្រឹះនៃចក្ខុវិស័យ សម្រាប់យកអនុវត្តន៍​លើការគ្រប់​គ្រងសាសនា ស្របតាមច្បាប់រដ្ឋជាធរមាន។
ដោយឡែកអ្នកនាំពាក្យក្រសួងធម្មការ និង សាសនា លោក សេង សុមុនី បញ្ជាក់បន្ថែមថា បន្ទាប់​ពីក្រសួងបាន​ចេញសេចក្តីប្រកាស​ចំនួន​៣ ពាក់ព័ន្ធវិស័យសាសនានៅកម្ពុជារួច ក្រសួងនឹងយក​ប្រកាសទាំងនោះ មករៀបចំជាច្បាប់​គ្រប់គ្រង​សាសនានៃព្រះរាជាណាចក្រ​កម្ពុជា ។
ច្បាប់នេះលោកថា មានគោលបំណងដើម្បីឱ្យមានភាពសុខដុមរម្យនា​សាសនា លើកតម្លៃសាសនា ពិសេស​លើកតម្លៃសាសនាព្រះពុទ្ធនៅកម្ពុជាតែម្តង។

លោកមានប្រសាសន៍ថា៖ រួចចំណែកអប់រំគុណធម៌ សីលធម៌ ក្នុងសង្គម​ជាមួយរាជ រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍ជាតិ និងលើកតម្លៃសាសនា។ សុទ្ធតែជាគោលបំណងធំៗ ហើយ អ្វីដែលជាលក្ខខណ្ឌ​នៃការ​ដំណើរ ការ គឺយន្តការរបស់យើង រៀបចំប្រកាសហើយ បានយើងរៀបច្បាប់ ដើម្បីឱ្យទៅតាម​ដំណាក់កាល​នីមួយៗ សម្រាប់អនុវត្តន៍។ ទន្ទឹមនឹងនេះ ក្រុមអ្នកព្រាងច្បាប់ ក៏បាន ព្រាងជាជំពូក ជាមាត្រាជាប្រការ បណ្តើរៗជាមួយគ្នាហ្នឹងផងដែរ ។
អ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់បានថា ដំណើរការរៀបចំធ្វើច្បាប់ឬ សេចក្តីព្រាង ច្បាប់នេះ នឹងបញ្ចប់​ពេល​ណានោះ​ទេ ប៉ុន្តែលោកថា​ក្រុមការងារក្រសួងកំពុងខិតខំធ្វើការងារនេះ ៕ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង