ប្រជាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក បន្ទាប់ពីមានព័ត៌មានជនជាតិជប៉ុនម្នាក់ ឆ្លងមេរោគកូរ៉ូណា
ភ្នំពេញ៖ ក្នុងរយៈពេលពីរថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ។
បើតាមគណនីហ្វេសប៊ុក Tara Om បានសរសេររៀបរាប់ថា តាំងពីមានព័ត៌មានរឿងជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណានោះមក អ្នកភ្នំពេញខ្លះផ្អើលទិញស្បៀងទុក ដូចជួយថៅកែម៉ាក្រូឲ្យរួចទុក្ខទោសរំដោះទំនិញចេញពីហាងគាត់ ។ប៉ុន្តែអ្នកផ្អើលទៅទិញទំនិញនោះ គាត់គិតតែមួយជ្រុង ថាបើមានការឆ្លងរាលដាលមេរោគកូរ៉ូណា គាត់អាចសម្ងំនៅផ្ទះបាន ព្រោះទំនិញបានស្តុកទុករួចហើយ អីចឹងគាត់អត់ចេញទៅធ្វើការងារអីទេ ? ហើយទំនិញដែលគាត់ទិញស្តុកហ្នឹង អាចផ្ទត់ផ្គង់បានប៉ុន្មានខែទៅ ? បើឧបមាថា ក្នុងហាងម៉ាក្រូនោះ មានអ្នកឆ្លងមេរោគកូរ៉ូណារួចទៅហើយ ហើយទៅប្រជ្រៀតគ្នាអត់ពាក់ម៉ាសអីចឹង វាមិនឆ្លងទៅហើយ ?
ចំណែក គណនី Dalin Chhoun ក៏បានលើកឡើងផងដែរថា ជំងឺភ័យខ្លាចពិបាកព្យាបាល ដាក់ថ្នាំមិនត្រូវទេ។ យើងគួរនាំគ្នាស្វែងយល់ការពិតជាមុនសិន ចាំវាយតម្លាំជាក្រោយ។ ពេលនេះcovid.19 កំពុងស្ថិតក្នុងការពិនិត្យតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត ពីមន្ត្រីសុខាភិបាល និងដៃគូពាក់ព័ន្ធ ទោះបីមកដល់ម៉ោងនេះ គេនៅមិនទាន់រកឃើញប្រជាជនកម្ពុជាណាម្នាក់កើតcovid.19ក៏ដោយ។ សូមប្រជាពលរដ្ឋយើងទទួលយកតែព័ត៌មានពិត កុំយកព័ត៌មានបំពុល ក្លែងក្លាយបង្កចលាចលក្នុងសង្គម។
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល ខណៈរហូតមកដល់ម៉ោងនេះ គ្មានពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជា ផ្ទុកវីរុសកូវីដ១៩ឡើយ។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយម ឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង ព្រោះផលិតផលស្បៀងរបស់កម្ពុជា លើសពីការបម្រុងទុក រហូតដល់នាំចេញទៅបរទេសទៀតផង។
ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបម្រុងនៅក្នុងរាជធានីភ្នំពេញ ពុំបានប្រឈមនឹងការខ្វះខាតនោះទេ។