បុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧មីនានេះថា បុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19 ពីបុរសជនជាតិជប៉ុន។ ចំណែកមនុស្ស៣នាក់ផ្សេងទៀត ក៏កំពុងធ្វើតេស្តផងដែរ និងដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តសៀមរាប។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ជនជាតិជប៉ុនរូបនោះ ត្រូវបានរកឃើញសញ្ញាវិជ្ជមាន ពេលទៅដល់ប្រទេសជប៉ុន។ ចំណែកស្រ្តីជនជាតិជប៉ុនម្នាក់ ដែលជាសាច់ញាតិរបស់ជនជាតិជប៉ុនរូបនោះ ក៏ត្រូវយកមកពិនិត្យផងដែរ ។
ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។
ការរកឃើញជំងឺកូវីត១៩ថ្មីនៅកម្ពុជា ចំពោះជនជាតិកម្ពុជា ជាលើកដំបូង បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ ប៉ុន្តែទោះយ៉ាងនេះ ក្តីមនុស្ស៣នាក់ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដោយយោងតាមការបញ្ជាផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល នឹងបិទសាលារៀនគ្រប់កម្រិតសិក្សា នៅទូទាំងទីក្រុងសៀមរាប ដើម្បីបញ្ជៀសការប្រមូលផ្តុំ និងកុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ទៅមនុស្សផ្សេងទៀត ។ លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ការព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺមិនគិតប្រាក់នោះទេ៕