ជំងឺឆ្លងកូវីដ១៩៖ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួន ឆ្លៀតដំឡើងថ្លៃអង្ករ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជំងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជា ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួន ដែលឆ្លៀតដំឡើងថ្លៃអង្ករ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី៧ខែមីនានេះ ជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជំងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជាយើង ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើងថ្លៃអង្ករ។
ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ឱ្យបានជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេស លើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។
អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន។
ដើម្បីដោះស្រាយកង្វល់ និងទប់ស្កាត់ស្ថានការណ៍ពីជនឆក់ឱកាសនិយមដំឡើងថ្លៃអង្ករ សហព័ន្ធស្រូវអង្ករ កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម នឹងបើកលក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែងចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះនៅតាមទីតាំងមួយចំនួន៕