អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ឆ្នាំ២០២០
ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២០ នេះ បានសរសេរសារថា ទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។
សម្តេចតេជោ បានថ្លែងថា “សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្ត្រី រហូតបង្កើតបានជាពាក្យស្លោកថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»”។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ដែលជាការបង្ហាញឱ្យឃើញ ពីការដើរតួនាទីយ៉ាងសំខាន់របស់ សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលបានកម្ពុជារកបានយ៉ាងលំបាក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ជាបុព្វលក្ខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែកជួយដល់ ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម៕