បញ្ជូនឃាតករម្នាក់ទៅកាន់ សាលាដំបូងខេត្ដព្រះសីហនុ ករណីសម្លាប់មនុស្ស២នាក់ទម្លាក់ទឹកសមុទ្រ
ខេត្តព្រះសីហនុ៖នៅថ្ងៃទី៧មីនា២០២០កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុសហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែងដោយមានការសម្របសម្រួលនីតិវិធីពីលោកសៀងសុខព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះធីវណ្ណះហៅណាក់ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតភូមិត្រពាំងចាមឃុំពោធិ៍ស្រុកស៊ីធរកណ្ដាលខេត្ដព្រៃវែង។
នគរបាលខេត្ដព្រះសីហនុ បានបញ្ជាក់ពីដំណើររឿងហេតុ៖កាលថ្ងៃទី១មីនា២០២០ជនសង្ស័យនិងជនរងគ្រោះ២នាក់(សាកសព) បានចេញទៅនេសាទត្រីនៅចំណុចកោះថាសស្ថិតក្នុងទឹកដីក្រុងកោះរ៉ុង។
នៅថ្ងៃទី៣មីនា២០២០វេលាម៉ោង៩:៣០នាទីព្រឹកបានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រឈ្មោះប៊ុនបូរ៉ាភេទប្រុសឆ្នាំកំណើត១៩៨២ជនជាតិខ្មែរជាកូនដៃទូកមានស្រុកកំណើ់តភូមិ–ឃុំជាមួយនឹងជនសង្ស័យ។
នៅថ្ងៃទី៤មីនា២០២០វេលាម៉ោង១០:០០នាទីព្រឹកបានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រឈ្មោះហែមពឿនភេទប្រុសឆ្នាំកំណើត១៩៩៤ជនជាតិខ្មែរជាតៃកុងទូកមានស្រុកកំណើតភូមិត្រពាំងព្រីងខាងជើងឃុំត្រពាំងព្រីងស្រុកទឹកឈូខេត្ដកំពត។
ឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច័្ឆយជុំវិញករណីសាកសពទាំងពីរនាក់ខាងលើសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ដនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុអាចធ្វើការសន្និដ្ឋានបានថាគឺជាករណីឃាតកម្មដែលប្រព្រឹត្ដនៅលើផ្ទៃសមុទ្រស្ថិតក្នុងតំបន់កោះថាសដែនទឹកនៃខេត្ដព្រះសីហនុកាលពីថ្ងៃទី១មីនា២០២០ពិតប្រាកដមែន។តាមចម្លើយសារភាពរបស់ឈ្មោះធីវណ្ណៈបានឲ្យដឹងថា៖មូលហេតុបណ្តាលមកពីគឺនៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល១១:៣០នាទីជនសង្ស័យបានប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត ក្រោយពេលអូសមងបានពីរដៃជនសង្ស័យបានយកញញួរវាយទៅលើតៃកុងទូកចំនួន២ញញួរនិងរុញទម្លាក់ទឹកដោយសារខ្លួនភ័យខ្លាចកូនដៃទូកម្នាក់ដែលនៅសល់ហើយក៍ជាអ្នកភូមិនឹងគ្នារាយការណ៍ជូនសមត្ថកិច្ចខ្លួនក៍យកកាំបិតកាប់ទៅលើកូនដៃទូកឈ្មោះប៊ុនបូរ៉ាត្រូវសៀតថ្កា១កាំបិតរួចរុញទម្លាក់ទឹកទៀត។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានបើកទូកមកចតនៅផែរ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុខេត្ដព្រះសីហនុរួចរត់គេចខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់មកឲ្យសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្តតាមនិតិវិធីនិងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុចាត់ការតាមផ្លូវច្បាប់៕