មានហាងទំនិញមួយចំនួនតូច បានឆ្លៀតឱកាស លក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ការពារមុខ អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីអំពាវនាវ ស្ដីពី ការរក្សាថ្លៃទំនិញលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមសេចក្តី អំពាវនាវនៅថ្ងៃទី 9 ខែមីនា ក្រសួងពាណិជ្ជកម្ម បានរកឃើញថាមានហាងទំនិញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ការពារមុខ អាកុលលាដៃ និងទំនិញមួយចំនួនទៀត ដែលសកម្មភាពនេះ បង្កចលាចលធ្ងន់ធ្ងរដល់សង្គម។ ពាក់ព័ន្ធករណីនេះ ក្រសួងពាណិជ្ជកម្ម បានស្នើឲ្យម្ចាស់ហាងទំនិញទូទៅ ប្រកាន់នៅស្មារតីសាមគ្គីជាតិ កុំឆ្លៀតឱកាសឡើងទំនិញ ស្រេចតែអំពើចិត្ត។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរកឃើញករណីមេរោគកូវីដ19 លើបុរសជនជាតិខ្មែរមួយរូប នៅខេត្តសៀមរាប ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថាម្ចាស់ ហាងទំនិញធំៗបងប្អូនអាជីវករ អ្នកលក់ទំនិញទូទៅភាគច្រើន នៅរក្សាតម្លៃផ្គត់ផ្គង់ទំនិញ នឹងបន្តលក់ទំនិញតាមតម្លៃធម្មតា ទោះបីជាមានប្រជាពលរដ្ឋមួយចំនួន សម្រុកទិញទំនិញច្រើន ខុសប្រក្រតីក៏ដោយ។ ក្រសួងពាណិជ្ជកម្ម សូមសំដែងនូវការកោតសរសើរ និងលើកទឹកចិត្ត ចំពោះម្ចាស់ហាងទំនិញ និងបងប្អូនអាជីវករទាំងនោះជាខ្លាំង។
ក្នុងរយៈពេលជាមួយគ្នានេះដែរ មានហាងទំនិញមួយចំនួនតូច បានឆ្លៀតឱកាស លក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ការពារមុខ អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មសភាពទាំងនេះ អាចបង្កឲ្យមានចលាចលក្នុងសង្គមធន់ធ្ងរ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជួន និងអំពាវនាវថា សូមបងប្អូនមេត្តាជ្រាបថា សន្និធិអង្ករ និងស្រូវមិនទាន់កិន ដែលមាននៅក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសទៀតផង។ សូមប្រជាពលរដ្ឋមេត្តារក្សា នូវភាពនឹងនរកុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយម អាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញ ដោយមិនសមហេតុសមផល។ ម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ស្រេចតែអំពើចិត្ត។ ក្នុងករណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការ ជាមួយស្ថាប័នផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរណ៍ទំនិញទូទៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ចាំបាច់ សម្រាប់បម្រើជីវភាព របស់ប្រជាជនយើង នៅក្នុងកាលៈទេសៈនេះ។ ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ ក្នុងករណីរកឃើញ ជនខិលខូចនៅឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ។
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ហាងទំនិញ បងប្អូនអាជីវករ និងប្រជាពលរដ្ឋយើង ចូលរួមអនុវត្តតាមសេចក្តី អំពាវនាវនេះ ក្នុងគោលដៅអនុវត្តច្បាប់ជាធរមានផង និងបង្ហាញស្មារតីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្រោមដំបូលសន្តិភាព ដែលប្រជាជនយើង កំពុងទទួលបានផង៕