បុរសអាយុ៣៨ ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដពីជនជាតិជប៉ុន បានជាសះស្បើយ និងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ
សៀមរាប៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន អំពីស្ថានជំងឺកូវីដ១៩ ដោយក្នុងនោះ បានបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ៣៨ ឆ្នាំដែលបានឆ្លងជំងឺកូវីដ ពីជនជាតិជប៉ុន បានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃនេះផងដែរ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រូពេទ្យបង្អែកខេត្តសៀមរាប បានខិតខំយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ជាពិសេសអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាជន ជឿជាក់ទៅលើព័ត៌មាន ផ្លូវការដែលចេញ ដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីសង្ស័យ ឬព័ត៌មានពាក់ព័ន្ធជំងឺកូវីដ សូមទំនាក់ទំនងតាមរយៈលេខ១១៥៕